ឯកឧត្ដម ឃួង ស្រេង លើកឡើងថា  នៅឆ្នាំ២០២១ លែងឱ្យរថយន្តធុនធំចូលរាជធានីភ្នំពេញទៀតហើយ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ក្រោយពេលផ្លូវ ក្រវាត់ក្រុងទី៣សាងសង់រួចរាល់នៅកំលុងឆ្នាំ២០២១ នឹងលែងឱ្យរថយន្តកុងតឺន័រ ឬរថយន្ត ធំៗចូលរាជធានីភ្នំពេញទៀតហើយ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លើកទឹកចិត្ត ឱ្យថៅកែរោងចក្រ សហគ្រាសទាំងអស់ ពិចារណាយករោងចក្រ សហគ្រាស ឬឃ្លាំងរបស់ ខ្លួនទៅដាក់នៅតាមបណ្តោយក្រវាត់ក្រុងទី៣នេះវិញ ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងកាលពីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នេះថា ផ្លូវក្រវាត់ក្រុងទី៣ បម្រើប្រយោជន៍ធំបំផុត គឺបញ្ចៀសចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។  ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការដឹកជញ្ជូនតភ្ជាប់ពីបណ្តា ខេត្តនានាមករាជធានីភ្នំពេញ ហើយផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមាន ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុច ចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។   ឯកឧត្តមបន្តថា ផ្លូវនេះមានទំហំទទឹង២៧ម៉ែត្រ សម្រាប់ទីប្រជុំជន ហើយសម្រាប់ក្រៅ ទីប្រជុំជន វិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ផ្លូវនេះនឹងមានដាក់អំ ពូលបំភ្លឺផ្លូវសម្រាប់ កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។ ផ្លូវក្រវាត់ក្រុងទី៣ នឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ។

ទន្ទឹមនឹងនោះ ក៏មានការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់០២កន្លែង នៅកោះ អន្លង់ចិន ដែលមានប្រវែងសរុប ៩៩៦ម៉ែត្រ ក្នុងនោះស្ពានទន្លេបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន ០៦កន្លែង និងលូគ្រប់ប្រភេទ១១៣កន្លែង។

គម្រោងផ្លូវនេះចំណាយថវិកាសរុបប្រមាណ២៧៣ លានដុល្លារអាម៉េរិក ដែលជាហិរញ្ញ ប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកា បដិភាគសម្រាប់ ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។ ផ្លូវដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយខ្សែនេះ នឹងប្រើរយៈពេលសាងសង់ចំនួន ៤២ខែ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១៕

ដោយ សួស សំរិត