រដ្ឋលេខាធិការក្រសួងធនធានទឹកដឹកនាំមន្រ្តីបច្ចេកទេសចុះសិក្សា និងត្រួតពិនិត្យស្ថានភាពទឹកនៅក្នុងខេត្តឧត្តរមានជ័យ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ -កាលពីនៅរសៀល ថ្ងៃអង្គារ ២រោច ខែបុស្ស ​ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ​ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសរបស់ក្រសួងចុះសិក្សា និងត្រួតពិនិត្យស្ថានភាពទឹកនៅក្នុងខេត្តឧត្តរមានជ័យ ។

លោក ញឺន គួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការថា មកដល់ពេលនេះ ចំពោះស្ថានភាពទឹកសម្រាប់បម្រើដល់ការងារបង្កបង្កើនផល ពុំមានអ្វីចោទជាបញ្ហាទេ ព្រោះនៅក្នុងខេត្តឧត្តរមានជ័យ ការងារបង្កបង្កើនផលស្រូវប្រាំងមានតែបន្តិចបន្តួចប៉ុណ្ណោះ ។ ចំពោះទឹកសម្រាប់ការប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខ ក៏ពុំមានចោទជាបញ្ហាដែរ លើកលែងតែឃុំចំនួន ២​ នៃស្រុកបន្ទាយអំពិល និងឃុំចំនួន ១ នៃស្រុកចុងកាល់ ដែលស្ថិតនៅតំបន់ដាច់ស្រយាល អាចនឹងមានការប្រឈមនា  រដូវប្រាំងខាងមុខ។ លោកប្រធានមន្ទីរបានបន្តថា អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមផ្ទាល់ ក៏បានធ្វើការត្រៀមលក្ខណៈអន្តរាគមន៍ជាបណ្តើរៗហើយដែរ ។ ចំណែកអាងទឹកធំៗ ២គឺ អាងទឹកស្ទឹងស្រែង និងអាងទឹកទំនប់ថ្មី បច្ចុប្បន្ននៅសល់ទឹកសរុបប្រមាណ ៣៦០លានម៉ែត្រគុប​ នឹងកំពុងបន្តការបើកបង្ហូរបញ្ជូនទៅជួយខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិនិត្យលើស្ថានភាពជាក់ស្តែងរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យលោកប្រធានមន្ទីរបង្ហើបទ្វារទឹកស្ទឹងស្រែង បន្ថែមមួយទ្វារទៀត (ពីរតឹក) ដើម្បីបង្កើនការបញ្ជូនទឹកទៅតំបន់អាងត្រពាំងថ្ម រប​ស់ខេត្តបន្ទាយមានជ័យ និងស្រុកស្រីស្នំ ស្រុកក្រឡាញ់ របស់ខេត្តសៀមរាប ។

ដោយឡែក ចំពោះការត្រៀមអន្តរាគមន៍ដោះស្រាយទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋចំនួន ៣ឃុំ ដែលនៅតំបន់ដាច់ស្រយាលនៃស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ថវិកាចំនួន ១.០០០ដុល្លារអាម៉េរិក ដល់ប្រធានមន្ទីរ ដើម្បីធ្វើការជួសជុលអណ្តូងស្នប់នៅក្នុងឃុំទាំង ៣ ខាងលើឡើងវិញ ឬក៏ទុកប្រើប្រាស់សម្រាប់រៀបចំមធ្យោបាយដឹកជញ្ជូនទឹក ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងករណីមានការប្រឈម៕

ដោយ សេង សុវណ្ណនី.(ប្រភពក្រសួងធនធានទឹក)