សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការអភិរក្សជីវចម្រុះសមុទ្រ និងតំបន់ឆ្នេរ តាមរយៈការបង្កើតឧទ្យានជាតិសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ -កាលពីថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការអភិរក្សជីវចម្រុះសមុទ្រ តំបន់ឆ្នេរ តាមរយៈការបង្កើតឧទ្យានជាតិសមុទ្រ នៅសណ្ឋាគារឯករាជ្យ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ។

ឯកឧត្តម សូត យា មានប្រសាសន៍ថា សិក្ខាសាលានេះឆ្លុះបញ្ចាំងពីតម្លៃធនធានសមុទ្រដ៏សម្បូរបែប ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សក្តានុពលអេកូទេសចរណ៍ និងបង្ហាញពីបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងអភិរក្សធនធានសមុទ្រ និងតំបន់ឆ្នេរ និងការផ្សព្វផ្សាយពីសក្តានុពលឧទ្យានជាតិសមុទ្រនៅកោះរ៉ុង ដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋានដែលកំពុងអាស្រ័យផល និងអ្នកវិទ្យាសាស្ត្រ អាជីវករ បម្រើសេវាកម្មមុជទឹក ។ ផ្អែកលើភាពសម្បូរបែបនៃធនធានធម្មជាតិ ជីវចម្រុះ និងទេសភាពដ៏ស្រស់ត្រកាលនៅក្នុងសមុទ្រ ។ រាជរដ្ឋាភិបាលកំណត់តំបន់នេះ ជាប៉ូលសេដ្ឋកិច្ចជាតិ ក្នុងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងបានដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ជាក្លិបឆ្នេរស្អាតលើពិភពលោកនៅឆ្នាំ២០១១ រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាហេតុធ្វើឱ្យធនធានតំបន់ឆ្នេរអាចទទួលរងផលប៉ះពាល់បរិស្ថាន ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ។ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ ក្រសួងបរិស្ថានបានរៀបចំផែនការយុទ្ធសាស្ត្រការពារអភិរក្សជីវចម្រុះដោយចូលរួមពីអ្នកពាក់ព័ន្ធនានា ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុសម្បូរទៅដោយធនធានធម្មជាតិ មានកោះ ជីវចម្រុះ និងទេសភាពល្អត្រកាល នៃឆ្នេរសមុទ្រកម្ពុជា បានដាក់បញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកកាលពីឆ្នាំ២០១១ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យពិសេសតំបន់ឆ្នេរ និងកោះ ជាហេតុបណ្ដាលឱ្យមានផលប៉ះពាល់លើធនធានធម្មជាតិសមុទ្រ និងតំបន់ឆ្នេរ ។ ដូចនេះការបើកសិក្ខាសាលានាពេលនេះ ពិតជាបានផ្ដល់សារៈសំខាន់ និងឆ្លុះបញ្ចាំងពីតម្លៃធនធានសមុទ្រ សក្តានុពលអេកូទេស ចរណ៍ សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋានអ្នកសិក្សាស្រាវ ជ្រាវ អាជីវករដែលបម្រើសេវាកម្មមុជទឹក និងអ្នកពាក់ព័ន្ធដែលអាស្រ័យផលជាមួយ នឹងធនធានសមុទ្រ ក្នុងខេត្តព្រះសីហនុ ចូលរួមការពារ ថែរក្សាឱ្យគង់វង្សថែមទៀត ៕

ដោយ ងូ សុមុនី