សម្តេចតេជោនាយករដ្ឋមន្រ្តីជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ -ក្នុងឱកាសស្នាក់អាស្រ័យនិងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជា​មា​និតចិ​ន​ នារសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ​ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ​ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក​រដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ចាន់​ស៊ូ ​ប្រធានគណៈកម្មាធិការអចិន្រៃ្ត យ៍ នៃសភាប្រជាជនចិន នៅទីក្រុងប៉េកាំង។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងជំនួប​នោះ​ ឯកឧត្តម លី ចាន់ស៊ូ បានមានប្រសាសន៍ថា សភាគឺតំណាងឱ្យប្រជាជនចិនទាំងអស់បា​ន​ចាត់ទុកសម្ដេចតេជោ គឺជាមេដឹកនាំដែលល្បីល្បាញមួយរូបដែលប្រជាជនចិនបានស្គាល់​ស្ទើរ​តែគ្រប់គ្នា។ ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោគឺសម្តេចបាន​អ​ភិ​វឌ្ឍន៍​សេដ្ឋកិច្ចយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ហើយមិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោបា​ន​ក​សា​ង និងពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជាធ្វើឱ្យមានការកើនឡើង​និង​អភិ​វឌ្ឍន៍​ឥតឈប់ឈរ។ ឯកឧត្តមបានមានប្រសាសន៍ថា កន្លងមកសម្ដេចតេជោនាយករដ្ឋមន្ត្រី​បាន​គាំ​ទ្រនូវផលប្រយោជន៍ស្នូលនៃប្រទេសចិន ជាពិសេសនយោបាយចិនតែមួយ ហើយ​ឯក​ឧត្ត​មបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំចិនបានចាត់ទុកសម្ដេចតេជោគឺជាមិត្តដែកថែប​នៃប្រទេ​ស​ចិន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានអបអរសាទរសម្ដេចតេជោដែលទទួលបានជោគ​ជ័​យ​នៃការបោះឆ្នោតកាលពីឆ្នាំ២០១៨កន្លងទៅនេះ ជាពិសេសសម្ដេចបានបន្តដឹកនាំប្រទេស​កម្ពុ​ជា​​ជាបន្តទៀត។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រ​ទេ​ស​កម្ពុជា ជាពិសេសលើមាគ៌ានៃការអភិវឌ្ឍដែលប្រទេសកម្ពុជាជ្រើសរើស ជាពិសេសបន្ត​មា​ន​​​សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច ដោយ​ជំរុញធ្វើយ៉ាងណាឱ្យ​គាំ​ទ្រ​ជីវ​ភាព​រស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។​

ឯកឧត្តមក៏បានមានប្រសាសន៍​ផង​ដែ​​រ​ថា ជំនួបរវាងឯកឧត្តម ស៊ី ជិនពីង ជាមួយ សម្ដេចតេជោនាយករដ្ឋមន្ត្រី​កាលពីម្សិល​មិញ​ រួម​ទាំងពិធីជប់លៀងផងដែរនេះ គឺបានឆ្លុះ បញ្ចាំងពីទំនាក់ទំនងពិសេសរវាងចិន និងកម្ពុជា​ ហើ​យ​ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា សម្រាប់កិច្ចការនេះ គឺនឹងទទួលបាននូវសមិទ្ធផល​ជា​ច្រើ​ន​ ពិសេសនឹងនាំឱ្យទំនាក់ទំនងទ្វេ ភាគីឡើងដល់កម្រិតថ្មីទៀត។

ជាការឆ្លើយតបសម្ដេចតេជោរដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តម លី ចាន់​ស៊ូ និងគណៈប្រតិភូ សម្រាប់ពាក្យពេចន៍ទាំងឡាយនូវការអបអរសាទរ​ចំពោះលទ្ធផល​នៃ​ការ​បោះឆ្នោតនៅកម្ពុជា ។ សម្តេចតេជោក៏បានអរគុណដល់ថ្នាក់ដឹកនាំចិនដែលកន្លងមកតែ​ង​តែទទួលនូវព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មកកាន់​ប្រ​ទេសចិន។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជានិងចិនមា​ន​លក្ខ​ណៈ ពិសេស ដោយសារភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាពិសេសការ​ស​ម្រេ​ច​​បាន នូវសមិទ្ធផលជាផ្លែផ្កាមួយចំនួនលើសពីគោលដៅកំណត់ ដូចជាទំហំពាណិជ្ជកម្ម ភាគី​ទាំងពី​រ កំណត់សម្រេចឱ្យបាន ៥ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២០។ ប៉ុន្តែនៅឆ្នាំ២០១៧ទំហំ ពាណិ​ជ្ជ​ក​ម្ម​​បាន កើនឡើងដល់ជិត ៧ពាន់លានដុល្លារអាម៉េរិកទៅហើយ។ វិស័យទេសចរណ៍ វិញកំណត់ត្រឹមតែ ០,០១ភាគរយ នៃប្រជាពលរដ្ឋចិន គឺស្មើនឹង ១.៣លាននាក់ តែមកដល់ឆ្នាំ ២០១៨ ភ្ញៀវទេ​សចរ​ចិ​ន បានឈានដល់ ១.៩លាននាក់។ ដោយឡែកអ្នកវិនិយោគពីប្រទេស ចិននៅកម្ពុជាក៏មាន​ចំនួ​នច្រើនហួសការរំពឹងទុក ដោយសារមានការទុកចិត្តលើនយោបាយនៃ ការដឹកនាំរបស់​មេ​ដឹ​ក​នាំប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា មេដឹក​នាំ​ប្រ​ទេ​ស​ចិន​ជំរុញបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនផងដែរ។ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រីបាន គូសបញ្ជាក់ថា នយោបាយដែលផ្តួចផ្តើមដោយអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ​ស​ម្ដេ​​ច​ព្រះនរោត្ដម សីហនុ ព្រះបរម​រ​ត​ន​កោដ្ឋ  ក្នុងការរឹតចំណងមិត្តភាពកម្ពុជា និងចិន គឺ​នៅ​តែ​រក្សាដដែលគ្មានអ្វីផ្លាស់ប្តូរនោះឡើយ ជាពិសេសនយោបាយចិនតែមួយ។

ឯកឧត្តម លី ចាន់ស៊ូ បានឯកភាពទាំងស្រុងនូវអ្វីដែលសម្តេចតេជោ ហ៊ុន សែន បាន លើកឡើង។ ឯកឧត្តម បា​នគូសបញ្ជាក់ថា ប្រជាជនចិននៅតែចងចាំនូវទុក្ខលំបាករបស់ កម្ពុជា ហើយចិន និងកម្ពុជា តែ​ង​តែជួយគ្នា និងគោរពគ្នាទៅវិញទៅមក។ ឯកឧត្តមបានសង្កត់ ធ្ងន់ថា កម្ពុជា និងចិន គឺ​ជា​មិត្ត​ដ៏ពិតប្រាកដទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ គឺតែងតែ ជួយគ្នាទៅវិញទៅមក។ ឯក​ឧត្ត​ម​បន្ថែមថា ចិននៅតែបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា និងគាំទ្រ​ស​ម្តេ​​ចតេជោ ហ៊ុន សែន បន្តដឹកនាំកម្ពុជា។ ឯកឧត្តម លី ចាន់ស៊ូ ក៏បានអះអាងដែរថា ទំនាក់​ទំន​ងកម្ពុជា និងចិន នៅតែបន្តរក្សានៅគ្រប់វិស័យ និងគ្រប់កម្រិត ដើម្បីជាប្រយោជន៍​ប្រទេ​ស​ទាំង​ពីរ។ ឯកឧត្តម ក៏បានអរគុណសម្តេចតេជោដែលបានអញ្ជើញ ឯកឧត្តម​បំពេញ​ទស្ស​ន​កិច្ច​នៅកម្ពុជា ហើយឯកឧត្តមនឹងរកពេលវេលាសមរម្យណាមួយដើម្បី បំពេញទស្សនកិច្ចនៅ​កម្ពុ​ជា៕

ដោយជឹម ណារី