ជប៉ុនផ្តួចផ្តើមគំនិតក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន និងជប៉ុន ស្តីពីនិរន្តរភាពទីក្រុង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ -នៅអំឡុងពេលនៃការចូលរួមដឹកនាំសិក្ខាសាលាជាន់ខ្ពស់ ស្តីពីនិរន្តរភាពទីក្រុង នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ២រោច ខែបុស្ស ​ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ​ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារអាស៊ាននិរន្តរភាពទីក្រុង បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yasuo Takahashi​​​ អនុរដ្ឋមន្រ្តីនៃក្រសួងបរិស្ថានជប៉ុនដើម្បីពិនិត្យ លើគំនិតផ្តួចផ្តើមរបស់ភាគីជប៉ុន បន្ថែមទៀតពាក់ព័ន្ធទៅនឹងបញ្ហាបរិស្ថានក្នុងតំបន់អាស៊ាន។

យោងលើអត្ថបទព័ត៌មាន ដែលចេញផ្សាយដោយក្រសួងបរិស្ថាន បានឱ្យដឹងបន្តថា នៅក្នុងជំនួបខាងលើភាគីទាំងពីរ បានពិភាក្សាគ្នាលើប្រធានបទចំនួនបួនចំណុចដូចខាងក្រោម ៖ ១-ភាគីជប៉ុនបានស្វែងរកការគាំទ្រពីភាគីកម្ពុជា ទៅលើឯកសារទស្សនទានស្តីពីការបង្កើតមជ្ឈមណ្ឌលចំណេះដឹងអំពីសំរាមប្លាស្ទិកសមុទ្រប្រចាំតំបន់ (Regional Knowledge Hub on Marine Plastic Debris)។ ២-ភាគីជប៉ុនស្នើឱ្យរដ្ឋសមាជិកអាស៊ានជួយគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីការកាត់បន្ថយសំរាមសមុទ្រក្នុងតំបន់អាស៊ាន ។ ៣-ភាគីជប៉ុនបានស្នើភាគីកម្ពុជា ដាក់បញ្ចូលកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋមន្រ្តីបរិស្ថាន រដ្ឋសមាជិកអាស៊ាន និងរដ្ឋមន្រ្តីបរិស្ថានជប៉ុន នៅក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានឆ្នាំ២០១៩ ។ ៤-ភាគីជប៉ុនបានជម្រាបជូនភាគីកម្ពុជាអំពីវិធីសាស្រ្តក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ដោយចីរភាព សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទទួលបានជោគជ័យនៅក្នុងប្រទេសជប៉ុន។

ប្រភពដដែលឱ្យដឹងបន្តថា ជាការឆ្លើយតប ក្នុងនាមប្រធានក្រុមការងារនិរន្តរភាពទីក្រុងអាស៊ាន ឯកឧត្តម វ៉ាន់ មុនីនាថ បានបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការល្អរវាងអាស៊ាន និងជប៉ុន លើវិស័យបរិស្ថាន ព្រមទាំងបង្ហាញពីជំហរស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើម ដោយសន្យាថានឹងពាំនាំយកគំនិតផ្តួចផ្តើម និងសំណើទាំងអស់នេះទៅពិភាក្សាជាមួយរដ្ឋសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីប្រែក្លាយការផ្តួចផ្តើម ទៅជាសកម្មភាពជាក់ស្តែងក្នុងតំបន់អាស៊ាន ៕

ដោយ ពេជ្រ ណារិទ្ធ