អន្តរស្ថាប័នបើកកិច្ចប្រជុំបច្ចេកទេសសម្រេចលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលខណ្ឌ

AKP ភ្នំពេញ ថ្ងៃទី២២ខែមករា ឆ្នាំ២០១៩ — លេខាធិការដ្ឋានមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិកាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំបច្ចេកទេសសម្រេចលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលខណ្ឌដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគារ រាជធានីភ្នំពេញ។

ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជារដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាប្រធានលេខាធិការដ្ឋានមូលនិធិវិនិយោគរដ្ឋបាល ថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សា សម្រេចកម្រិតបច្ចេកទេសលើសេច ក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលខណ្ឌ ដែល ក្រុមការងារនៃលេខាធិការដ្ឋានបានរៀបចំជាសេចក្តីព្រាងចុងក្រោយសម្រាប់កិច្ចប្រជុំនេះ។ ឯកឧត្តមប្រតិភូរាជារដ្ឋាភិបាលបានថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័ន និងអង្គ ភាពពាក់ព័ន្ធទាំងអស់ ចំពោះការផ្តល់កិច្ចសហការ នាពេលកន្លងមក ក្នុងការផ្តល់មិតិយោបល់ ការចូលរួមពិភាក្សា ដែលជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំសេចក្តីព្រាងនេះឱ្យមានលក្ខណៈ គ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនក្រុមប្រឹក្សាភិបាលមូលនិធិ ពិនិត្យអនុម័ត និងដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា សេចក្តី ព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលខណ្ឌនេះ ក្រុម ការងារនៃលេខាធិការដ្ឋានបានសម្របសម្រួលរៀបចំកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលខណ្ឌទាំង១២ នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំសេចក្តីព្រាងគោលការណ៍ ណែនាំស្តីពីការ វាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលខណ្ឌ រួមទាំងការចុះប្រមូលធាតុចូលនៅតាម រដ្ឋបាលខណ្ឌមួយចំនួនដោយផ្ទាល់ និងការជួបពិភាក្សាជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ មួយចំនួនផងដែរ។ ក្នុងដំណាក់កាលអនុវត្តន៍សាកល្បងនូវយន្តការថ្មីនេះ រដ្ឋបាលស្រុក ត្រូវ បានជ្រើសរើសជារដ្ឋបាលគោលដៅ ដោយនៅក្នុងឆ្នាំ២០១៧ រដ្ឋបាលស្រុក៦២ នៃខេត្តចំនួន ៩ បានទទួលការវាយតម្លៃ និងជ្រើសរើសបានស្រុកជ័យលាភីចំនួន១៩។ ផ្អែកលើបទ ពិសោធន៍ដែលទទួលបានពីការអនុវត្តសាកល្បងនេះ មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោម ជាតិ នឹងត្រូវពង្រីកវិសាលភាពទៅថ្នាក់រដ្ឋបាលក្រុង និង ខណ្ឌ បន្តទៀត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ ក្រោមជាតិ តាមរយៈអនុក្រឹត្យលេខ ៣២អនក្រ.បក ចុះថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦។ មូល និធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាយន្តការថ្មីមួយសម្រាប់ផ្តល់ប្រភពធនធានបន្ថែមលើប្រភពធនធានដែលមានស្រាប់ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តល់ហិរញ្ញប្បទានទៅដល់គម្រោងវិនិយោគសាធារណៈ របស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានលក្ខណៈយុទ្ធសាស្រ្ត និងផ្តល់ការលើកទឹកចិត្ត ដល់រដ្ឋ បាលថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ការបំពេញភារកិច្ចនិងការគ្រប់គ្រងការវិនិយោគសាធារណៈឱ្យកាន់តែប្រសើរ៕

ដោយ គង់ សិរីរ័ត្ន