ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាអនុម័តលើផែនការសកម្មភាពឆ្នាំ២០១៩បន្ថែមលើការងារសំខាន់ៗចំនួន៣

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩​ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអនុម័តលើ​ផែនការសកម្មភាពឆ្នាំ២០១៩ ដែលលេខាធិការដ្ឋានបានស្នើឡើងដោយផ្តល់នូវការណែនាំ បន្ថែមលើការងារសំខាន់ៗចំនួន៣ ដែលត្រូវផ្តោតការយកចិត្តទុកដាក់។ក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាបរធនបាលលើកទី១ នៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការងារសំខាន់ៗចំនួន៣នេះ គឺរួមមានទី១. ពង្រឹងការរៀបចំ​ប្រព័ន្ធ គ្រប់គ្រងសមាជិក និងការគ្រប់គ្រងមូលនិធិ។ ទី ២.​រៀបចំបង្កើតព្រឹត្តិការណ៍​និងសកម្មភាព នានាដើម្បីធ្វើការកៀរគរការបរិច្ចាគឱ្យបានកាន់តែច្រើន និងទី៣.បង្កើនការផ្សព្វផ្សាយ និង​ទំនាក់ទំនងសាធារណៈអំពីមូលនិធិឱ្យបានកាន់តែទូលំទូលាយ។ ឯកឧត្តមអគ្គបណ្ឌិតសភា ចារ្យបានបន្ដថា នៅក្នុង​អំឡុងខែមករាឆ្នាំ ២០១៩នេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ នីតិវិធីផ្ទេរថវិកាចំនួនប្រមាណ១០២ពាន់លានរៀល ជូនមូលនិធិគន្ធបុប្ផាថែមទៀត បន្ថែមលើ​វិភាគទានដំបូងរបស់រាជរដ្ឋាភិបាលចំនួនជាង៤០ពាន់លានរៀល ដែលបានប្រគល់ជូនមូល​និធិគន្ធបុប្ផាកម្ពុជាកន្លងមក។ ទន្ទឹមនេះ ថវិកាដែលរដ្ឋបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០១៩ នេះ មានចំនួន សរុប ១៤២ ពាន់លានរៀល។ ឯកឧត្តមបានបន្ដ​ទៀតថា មូលនិធិគន្ធបុប្ផាកម្ពុជានឹងចូលរួមបំពាក់សម្ភារបរិក្ខារនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់​សម្រាប់កុមារ និងទារក ក្នុងអគារថ្មីដែលកំពុងធ្វើការសាងសង់ក្នុងទីតាំមន្ទីរពេទ្យគន្ធ​បុប្ផា​ទី១។ ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជានឹងប្រគល់ដីដែលទទួលបាន​ពីការបរិច្ចាគរបស់​អ្នកឧកញ៉ា គិត ម៉េង ទៅជាទ្រព្យសម្បត្តិរដ្ឋ សម្រាប់ជូនមន្ទីរពេទ្យគន្ធបុប្ផាប្រើប្រាស់ជា​រៀង រហូត ដោយមិនមានកំណត់ពេលវេលា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យលេខាធិការដ្ឋានខិតខំបំពេញការងារបន្ថែមទៀត ក្នុងការផ្សព្វផ្សាយឱ្យ សាធារណជនទូទៅបានយល់ដឹងអំពីគោលដៅចម្បងនៃការបង្កើត “មូលនិធិ-គន្ធបុប្ផាកម្ពុជា” នេះឡើងដើម្បីកៀរគរធនធានហិរញ្ញវត្ថុត្រៀមបម្រុងសម្រាប់ទ្រទ្រង់និរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងដោយរក្សាបាននូវគោលការណ៍ផ្តល់សេវាដោយឥតគិតថ្លៃនិងប្រកបដោយគុណភាពខ្ពស់។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា ការចូលរួមបរិច្ចាគធនធាន ចូលទៅក្នុងមូលនិធិគន្ធបុប្ផា គឺជាកាយវិការសប្បុរសដ៏ប្រពៃរបស់ជនជាតិកម្ពុជា ដើម្បីជួយ សង្គ្រោះកុមារកម្ពុជាដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិនៅក្រោមពាក្យស្លោក”ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា”៕

ដោយ គង់ សិរីរ័ត្ន