ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយផែនការ កិច្ច​សហ​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ

AKP ​ព្រះសីហនុ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — នាព្រឹក​ថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ​មករា​ ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ កិច្ច​សហ​ការ​ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពលោកឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ។

លោកឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ​  មានប្រសាសន៍បើកកិច្ចប្រជុំថា បច្ចុប្បន្ន ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងវិស័យទេសចរណ៍ រោងចក្រ​ សហគ្រាស​ ក៏ដូចជាវិស័យហេដ្ឋារចនាសម័្ពន ជាពិសេសមានសំណង់ សណ្ឋាគារពាណិជ្ជកម្ម ខុនដូរទំនើបៗយ៉ាងច្រើន ព្រមទាំងមានការហូរចូលនូវជនបរទេស យ៉ាង​ច្រើន​មកបម្រើការងារលើវិស័យទេស ចរណ៍ អាជីវកម្ម​ ពាណិជ្ជ​កម្ម និងវិនិយោគ។ ល។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នាពេលបច្ចុប្បន្នខេត្ត​ព្រះសីហនុ​ក៏បាន​កើត​ឡើងនូវ​បញ្ហា​ប្រឈម​នានា​មួយចំនួនផង​ដែរ​ ដែលមន្ត្រីមាន សមត្ថកិច្ចត្រូវតែយកចិត្តទុកដាក់កាន់តែខ្ពស់ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដាក់ចេញនូវវិធានការណ៍ និង អនុសាសន៍មួយចំនួន ដើម្បី​ឱ្យនាយ  នាយរង និងពលនគរបាល ពិសេសនគរបាលក្រុង ស្រុក ត្រូវតែយកចិត្តទុកដាក់ ដើម្បីអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាពគឺ៖  ទី១. ត្រូវរៀបចំធ្វើផែនការសម្រាប់​ឆ្នាំ​ថ្មី​២០១៩​, ទី២.ពង្រឹង​វិន័យ​ ការងារ​ប្រចាំ​ថ្ងៃ​ឡើង​វិញ​ ដូចជា​ការ​គោរព​ទង់ជាតិ​ ការ​យាមប្រចាំការ​ ប្រចាំ​បញ្ជា​ឱ្យបានទៀងទាត់ និងទី​៣.ត្រូវ​អនុវត្ត​ន៍ការងារ​គ្រប់​មុខ ជំនាញទាំងអស់ ដើម្បីត្រៀមបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដែលកើតឡើង នៅតាមមូលដ្ឋាន ធានាសន្តិសុខ សុវត្ថិភាពបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយ​ស្មោះ​ត្រង់។

លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ក៏បានលើកឡើងនូវបញ្ហាប្រឈមនានា​ ដែល​​កំពុង​កើត​ នឹង​បន្ត​កើត​ឡើង​ទៅ​ថ្ងៃ​អនាគត​នៅ​ក្នុងខេត្ត​ព្រះសីហនុ ដូច្នេះអស់​លោក​ទាំង​អស់​ត្រូវយកចិត្តទុកដាក់នោះគឺ៖ ទី​១.បទល្មើស​ព្រហ្មទណ្ឌ​ អំពើលួច​ ឆក់​ ប្លន់​ និង​ហិង្សា​, ទី​២.បញ្ហា​គ្រឿង​ញៀន​, ទី៣.បញ្ហា​ហាង​ម៉ាស្សា​ខារ៉ាអូខេ​ បង្កប់​សេវាកម្ម​ជួញដូរផ្លូវភេទ, ទី​៤.បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធា រណៈក្នុងក្រុង និង​ទី​៥. លុបបំបាត់ល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់នៅក្នុងមូលដ្ឋាន និងអនុវត្តន៍នូវគោលនយោ បាយភូមិ ឃុំមាន សុវត្ថិភាព ៩ចំណុចរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ៕

ដោយ ងូ សុមុនី