ខេត្តសៀមរាប នឹងកែច្នៃភក់ចេញពីលូទឹកសម្អុយឱ្យទៅជីសរីរាង្គសម្រាប់ធ្វើកសិកម្ម

AKP សៀមរាប ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — សមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងនិយាយភាសាបារាំង រួមជាមួយអង្គការ ដៃគូចំនួន៣ទៀត បានផ្តល់ជំនួយហិរញ្ញប្បទានចំនួន១លាន៦សែនដុល្លារ សម្រាប់ អនុវត្តន៍គម្រោងកែច្នៃភក់ចេញពីលូទឹកសម្អុយនៅខេត្តសៀមរាប ឱ្យទៅជីសរីរាង្គ សម្រាប់ធ្វើកសិកម្ម។

នៅ​ក្នុង​ជំនួបពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប  នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ លោកស្រី Arinna ARDESI ទីប្រឹក្សាបច្ចេកទេសសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងនិយាយភាសាបារាំងAIMF (Association Internationale des Maires Francophones ប្រចាំនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង បានមានប្រសាសន៍ថា ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍ខេត្តសៀមរាប​ជាពិសេសការដោះស្រាយបញ្ហាការកស្ទះប្រព័ន្ធលូទឹក ស្អុយក្រុងសៀមរាប​ផងនោះសមាគមបណ្តាអភិបាលក្រុងនិយាយភាសាបារាំង AIMFរួមជាមួយ SIAAP, AESN និងអង្គការ Agrisud បានផ្តល់ជំនួយហិរញ្ញប្បទានចំនួន១លាន៦សែនដុល្លារ សម្រាប់ការគ្របគ្រងនិងកែច្នៃភក់ចេញពីលូទឹកសម្អុយនៅខេត្តសៀមរាបឱ្យទៅជាជីសរីរាង្គសម្រាប់ផ្គត់ផ្គង់តម្រូវការដល់ប្រជាកសិករ អាជីវករ យកទៅធ្វើកសិកម្មផ្សេងៗ ដោយជំនួសការប្រើប្រាស់ជីគីមី និងកាត់បន្ថយការនំាំចូលជីពីក្រៅប្រទេសផងដែរ។

លោកស្រីបាន​បន្តថា គម្រោងនេះ​ បាន​ធ្វើ​ការ​សិក្សារួច​រាល់ហើយ​ និងចាប់​ផ្តើមអនុវត្តន៍ពេលឆាប់ៗនេះ  ហើយគម្រោងនេះនិងត្រូវរៀបចំរយៈពេល៤ឆ្នាំ​ ទើបអាចទទួល បានផល។ បន្ទាប់ពីទួទួលបាន​ផលខាងលោកស្រីនិង​ប្រគល់ការនេះទៅអាជ្ញាធរខេត្តអ្នក គ្រប់គ្រងវិញ។

ឯកឧត្តម ទៀ សីហា អភិបាល​ខេត្តសៀមរាប​បាន​ថ្លែង​អំណគុណចំពោះសមាគម បណ្តា អភិបាលក្រុងនិយាយភាសាបារាំងរួមជាមួយម្ចាស់ជំនួយផ្សេងទៀត ដែលបានជួយអភិវឌ្ឍន៍ខេត្តសៀមរាប​។ ឯក​ឧត្តមបាន​បញ្ជាក់ថា គម្រោងកែច្នៃភក់ ចេញពីលូទឹកសម្អុយនៅខេត្តសៀមរាបឱ្យទៅជីសរីរាង្គ សម្រាប់ធ្វើកសិកម្មនេះ គឺមាន​សារៈ​សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅខេត្តសៀមរាប​ ព្រោះ​ថា ខេត្ត​សៀមរាប​ក្រៅពី​វិស័យ​ទេសចរណ៍ វិស័យកសិកម្មក៏ជាវិស័យមួយដ៏ធំសម្រាប់លើកស្ទួយសេដ្ឋកិច្ចខេត្តសៀមរាប​ផងដែរ។ ការកែច្នៃភក់ចេញពីលូទឹកសម្អុយនៅខេត្តសៀមរាបឱ្យទៅជីសរីរាង្គ សម្រាប់ធ្វើកសិកម្មនោះគឺ៖ ១.ប្រជាពលរដ្ឋទទួលបាន​ជីសេរីរាង្គប្រើប្រាស់សម្រាប់ដាំដំណាំ និងទី២.កាលណាបូមយកភក់ពីក្នុងលូទឹកស្អុយមកកែច្នៃទៅជាជីសេរីរាង្គ វាជួយធ្វើឱ្យប្រព័ន្ធ បង្ហូរទឹកស្អុយបានកាន់តែលឿន និងគ្មានការកកស្ទះ។

ឯកឧត្តម​អភិបាលខេត្តបាន​ជំរុញឱ្យមន្រ្តី​ជំនាញ​ សហការជាមួយអាជ្ញាធរខេត្ត ធ្វើការនេះឱ្យបាន​លឿន​ ព្រោះគម្រោងមាន​ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ និង សង្គម៕

ដោយ ឃុត សៅ