រដ្ឋមន្រ្ដីក្រសួងការងារ អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ មកពីសហរដ្ឋអាមេរិក ចែករំលែកផ្លាស់ ប្តូរបទពិសោធន៍ ក្នុងការដោះស្រាយវិវាទការងារ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាត  ឱ្យលោក Richard D. Fincher  (រីឆាត ឌី ហ្វីនឆើ) ដែលជាសាស្ត្រាចារ្យ នៅសាកល វិទ្យាល័យ ខននែល (Cornell University) បុរីញូវយ៉ក សហរដ្ឋអាមេរិក និងជាសន្ធានការី(Mediator) និងអាជ្ញាកណ្តាល (Arbitrator)  រួមជាមួយគណៈប្រតិភូរបស់មជ្ឈមណ្ឌលអាម៉េរិកាំងសម្រាប់ សាមគ្គីភាពការងារអន្តរជាតិ(ACILS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា ការមកទស្សនកិច្ចរបស់លោកសាស្ត្រចារ្យ នៅកម្ពុជានេះ គឺបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នា ទៅវិញ​ទៅមក និងទស្សនៈ ក្នុងការដោះស្រាយវិវាទការងារ។  ឯកឧត្តមបញ្ជាក់ថា កន្លងមក កម្ពុជា​ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារជាច្រើនជាមួយសហរដ្ឋអាមេរិក ហើយកម្ពុជាជាប្រទេសមួយដែលបានផ្សាភ្ជាប់ខ្លួនទៅនឹងបទដ្ឋានអន្តរជាតិ ក្នុងនោះ កម្ពុជា​បានផ្តល់សច្ចាប័ន អនុសញ្ញាអង្គការអន្តរជាតិខាងការងារបានចំនួន១៣ ដែលមានអនុ សញ្ញាស្នូល៨ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ណាស់ក្នុងការ ធានានូវការអនុវត្តលក្ខខណ្ឌការងារល្អ ព្រោះថាកម្ពុជាជាប្រទេសទី១ ដែលហ៊ានផ្សាភ្ជាប់កិច្ច ព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩។ ឯកឧត្តមបានគូសបញ្ជាក់ថា កំណើននៃឧស្សាហកម្ម ធ្វើឱ្យមានការកើនឡើងនូវអង្គការវិជ្ជាជីវៈជាច្រើន ដែលនេះធ្វើឱ្យ​មានការបង្កើតឡើងនូវក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការសម្របសម្រួលត្រី ភាគីរួម មាន ភាគីរដ្ឋាភិបាល សហជីព និងនិយោជក ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា កន្លងមក មជ្ឈមណ្ឌលអាម៉េរិកាំងសម្រាប់សាមគ្គី ភាពការងារអន្តរជាតិ ក៏បានចូលរួមការងារគ្នាជាច្រើនជាមួយក្រសួង ក្នុងការដោះស្រាយបញ្ហា នានានៅក្នុងវិស័យការងារ ហើយតាមរយៈអនុស្សរណៈ យោគយល់គ្នាដែលបានចុះហត្ថ លេខាកន្លងទៅ នឹងកាន់តែបង្កើននូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់ តែប្រសើរថែម ទៀត។ ទន្ទឹមនេះ រហូតមកទល់បច្ចុប្បន្ន ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ នៅតែបន្តយន្តការ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្នុងការដោះស្រាយវិវាទការងារ។ តែទោះបីយ៉ាងណាក្ដី ភាពជោគជ័យទាំងអស់នេះ ក៏មានបញ្ហាប្រឈមផងដែរ គឺយន្តការត្រីភាគីនេះ កំពុងតែ ខិតខំរកមធ្យោបាយ ក្នុងការធានានូវនិរន្តភាពរបស់ខ្លួន  ជាពិសេសនិរន្តភាពផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តដំណើរការងារតទៅមុខ។

ឯកឧត្តមបានបន្ថែមទៀតថា ក្រសួងកំពុងសិក្សាធ្វើយ៉ាងណាឱ្យក្រុមប្រឹក្សាអាជ្ញា កណ្តាលនេះ អាចមានជម្រើសក្នុងការធានាតាមរយៈ ការដាក់ចូលក្នុងប្រព័ន្ធជាតិ មានជំនួយ មូលនិធិពីរាជរដ្ឋាភិបាល ឬការលើកទឹកចិត្តឱ្យសមាគមនិយោជក និងដៃគូពាក់ព័ន្ធចូលរួម ផ្តល់មូលនិធិ ដើម្បីធានាឱ្យបាននូវឯករាជ្យភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកសាស្រ្ដាចារ្យ Richard D. Fincher  បានលើកពីបទពិសោធន៍ការងាររបស់ លោកនៅអាស៊ី ដែលលោកបានផ្តោតការយកចិត្តទុកដាក់ និងបង្រៀននៅតាមមហា វិទ្យា ល័យដូចជា នៅវៀតណាម  ចិន និងមីយ៉ាន់ម៉ា លើការបណ្តុះបណ្តាលជំនាញប្រព័ន្ធ ដោះស្រាយលើវិវាទការងារ។ លោកសាស្ត្រាចារ្យបានលើកឡើងថា មិនថាប្រទេសណាទេ ប្រព័ន្ធក្រុមប្រឹក្សាអាជ្ញាកណ្តាល តែងមានបញ្ហាប្រឈមក្នុងការរក្សានិរន្តភាព ដែលប្រទេសខ្លះ មានជំនួយមូលនិធិពីតែភាគីរដ្ឋាភិបាល  និងប្រទេសខ្លះទៀតពីខាងភាគីនិយោជក និងខាង សហជីព។ លោកសាស្រ្ដាចារ្យក៏បានសម្ដែងនូវក្តីរីករាយក្នុងការត្រៀមខ្លួនជួយបណ្តុះ បណ្តាល លើមន្ត្រីពាក់ព័ន្ធទៅនឹងការដោះស្រាយវិវាទការងារនៅកម្ពុជា ស្របពេលដែល​ក្រសួងការងារ បានបង្កើតវិទ្យាសា្ថនជាតិការងារនាពេលខាងមុខឆាប់ៗនេះ៕

ដោយ ប៊ុនរិទ្ធ