​អគ្គនាយករងគយនិងរដ្ឋាករជំរុញមន្ត្រី​គយយកចិត្តទុកដាក់ត្រួតពិនិត្យ​​ទំនិញ ឆ្លងកាត់ឱ្យបាន ត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ

​AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ -អគ្គនាយករងគយ និងរដ្ឋាករ លោក ផា អេងវេន បានជំរុញដល់មន្ត្រី​គយទាំងអស់​ត្រូវ បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ឱ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើស​គេចពន្ធគ្រប់ប្រភេទដើម្បីប្រមូលចំណូលជូនរដ្ឋឱ្យបានកាន់តែច្រើនថែមទៀត។

ការក្រើនរម្លឹកបែបនេះរបស់លោក ផា អេងវេន នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែង​តាំងមុខតំណែង ប្រធានសាខាគយ និងរដ្ឋាករខេត្ត​បន្ទាយមានជ័យ លោក​ នូ ស៊ីថា ជំនួស លោក​ ឆែ​ សុធា​ ដែលត្រូវចូលនិវត្តន៍​។ ចំណែកប្រធាន​ការិយាល័យ​គយ​និងរដ្ឋាករ​ប៉ោយប៉ែត​ លោក​ នួន​ កុសល ជំនួសលោក ហ៊ុយ​ សុជាតិ​ ទៅបម្រើការនៅខេត្តមណ្ឌលគិរី ​ដែលពិធីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩​នៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត​​ ​ ឯកឧត្តម សួន​ បវរ​ អភិបាលខេត្តបន្ទាយមានជ័យ​ និងមន្ត្រី​រាជការជុំវិញខេត្ត​ជាច្រើន​រូបទៀត។

លោក​ ផា​ អេងវេន​ ​បានលើកឡើងថា ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការ របស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅ ដោយភាពរីករាយដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មីត្រូវបន្តដឹកនាំឱ្យ​បានប្រសើរថែមទៀត ដោយត្រូវ ​ជំរុញការសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រទេសជិតខាង ពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញ ឆ្លងកាត់ឱ្យបានត្រឹមត្រូវ និង ទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ។

នៅក្នុងឱកាសនេះលោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិ​ឱ្យបាននូវអភិក្រមបួនប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គោរពក្រម សីលធម៌ជាមន្ត្រីគយ និងរដ្ឋាករ ក៏ដូចជាចូលរួមសហការឱ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ។ ជាពិសេស គោរពអនុវត្តន៍នូវភារកិច្ចសំខាន់ៗទាំង៣ របស់គយ រួមមាន៖ ប្រមូលចំណូលពន្ធ អាករ និងកម្រៃផ្សេងៗជូនរដ្ឋឱ្យបានគ្រប់ និងលើសផែនការ បង្ការ និងបង្ក្រាបអំពើរត់គេចពន្ធឱ្យបានលទ្ធផលខ្ពស់ សម្រួលពាណិជ្ជកម្ម​អន្តរជាតិឱ្យបាន សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ដោយ ឈុន សារ៉ាត