អភិបាលក្រុងសំរោង ជួបសំណេះសំណាលជាមួយនិសិ្សតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — លោក អ៊ុន សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលក្រុងសំរោង អញ្ជើញ ជួបសំណេះ សំណាលជាមួយនិសិ្សតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ច  កាលពីថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមផងដែរពីលោកស្រី ធិន នីមុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តផងដែរ។
លោក អ៊ុន សុភ័ក្រ្ត បានថ្លែងប្រាប់អំពីកត្តាភូមិសាស្ត្រ និងចំនួនប្រជាពលរដ្ឋ តំបន់រមនីយដ្ឋាន និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងក្រុងសំរោង ជូនដល់ក្រុមនិសិ្សតថា  ក្នុងនាមអាជ្ញាធរក្រុងចង់ឱ្យប្អូនៗនិសិ្សតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ច ជួយធ្វើការផ្សព្វផ្សាយពីភាពរីកចម្រើនរបស់ខេត្ត ឧត្តរមានជ័យយើងនេះផង ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិពិសេសគឺអ្នកវិនិយោគទុនផ្សេងៗ បានមករកស៊ីនៅក្នុងខេត្តឧត្តរមានជ័យ ឱ្យបានកាន់តែច្រើនឡើងថែមទៀត។

ជាមួយនឹងនោះដែរ ដើម្បីផ្សាភ្ជាប់ជាមួយការងារបរិស្ថានស្អាត និងទីធ្លាសួនច្បារមាន សោភណភាពផងនោះ លោកសាស្រ្តាចារ្យនិងប្អូនៗនិសិ្សតទាំងអស់ ស្ម័គ្រចិត្តចូលរួមសម្អាត បរិស្ថាននៅជុំវិញសួនច្បារបឹងស្នោរ ប្រកបដោយក្តីរីករាយជាទីបំផុត៕

ដោយ ទិត ស្រ៊