សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋនៅស្រុកសូទ្រនិគម

AKP សៀមរាប ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — អណ្តូងទឹកស្អាតពីរកន្លែងជាប្រភេទអណ្ដូងស្នប់អាហ្វ្រីដេស៍ ត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍ក្នុងសហគមន៍ ដែលស្ថិតនៅក្នុងភូមិត្រាវបាក់(ជប់ស្មាច់) ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអណ្តូងទាំងពីរនេះត្រូវបានឧបត្ថម្ភ ដោយ សប្បុរសជនចិនឈ្មោះ( LIAO MINHUA និង HUANG WEINAM ) តាមរយៈសាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ ពិធីប្រគល់នេះត្រូវបានធ្វើឡើង កាលពីថ្ងៃព្រឹកចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។   មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវ គួយ ណាលីន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយ។ ក្រៅពីនោះ លោកជំទាវ គួយ ណាលីន ក៏បានប្រាប់ដល់ប្រជាពលរដ្ឋថា បញ្ហាទឹកស្អាតជា កត្តាដ៏ចាំបាច់សម្រាប់សុខភាពមនុស្សយើងគ្រប់រូប ក្នុងការរស់នៅប្រចាំថ្ងៃសម្រាប់បរិភោគ និងប្រើប្រាស់ជាអចិន្ត្រៃយ៍។ ម៉្យាងទៀតអណ្តូងទឹកនេះក៏ជាសមិទ្ធផល ថ្មីសម្រាប់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងសហគមន៍នេះ ដែលអាចប្រើប្រាស់បានទាំងរដូវប្រាំង និងវស្សា។

លោកជំទាវ គួយ ណាលីន ក៏បានធ្វើការថ្លែងអំណរគុណផងដែរ ចំពោះសប្បុរសជនចិន លោក( LIAO MINHUA និង HUANG WEINAM )  ដែលបានផ្តល់អណ្តូងទឹកនេះ ដល់ប្រជាពលរដ្ឋ ដែលបញ្ជាក់នូវទឹកចិត្តដ៏សប្បុរសធម៌ ដើមី្បរួមចំណែកជាមួយរាជ រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើឱ្យ ប្រសើរ ឡើងលើវិស័យប្រើប្រាស់ទឹកស្អាតនិងដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ“ទឹកជាប្រភពនៃជីវិត”។

លោកជំទាវ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ហើយយើង ក៏មិនចាំ បាច់បារម្ភ ពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ដែរ តែត្រូវពិសាទឹកស្អាតឬទឹកដាំពុះ។

គួរបញ្ជាក់ថា នេះជាអណ្ដូងទឹកស្អាតទី៣៤និង៣៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបដែលបានប្រគល់ជូនប្រជាពលរដ្ឋតាមសហគមន៍។ ក្នុងពិធីប្រគល់អណ្តូង ទឹកនោះដែរ លោកជំទាវក៏បាននាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធី ដោយម្នាក់ៗទទួលបានសារុង១ និងថវិកា១ម៉ឺនរៀល៕

ដោយ​ ហង្ស សៀក