ខេត្តព្រះវិហាររៀបចំពិធីប្រកាសផ្ទេរភារកិច្ចអភិបាលនៃគណៈអភិបាលស្រុកជ័យសែន

AKP ព្រះវិហារ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — នៅសាលាស្រុកជ័យសែន នាព្រឹកថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាល នៃគណៈអភិបាលស្រុកជ័យសែន ខេត្តព្រះវិហារ  ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ តំណាងស្នងការនគរបាល លោក លោកស្រីប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុង ស្រុក ច្រើនរូបទៀត។

ឯកឧត្តម អ៊ុន ចាន់ដា  បានមានប្រសាសន៍ផ្តាំផ្ញើចំពោះអភិបាលស្រុកថ្មី ដែលត្រូវបានផ្ទេរភារកិច្ចនាពេលនេះ ត្រូវខិតខំពិនិត្យ និងពង្រឹង លើការគ្រប់គ្រងការងារ របស់ខ្លួនបន្ថែមទៀត ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស្របតាមគោលនយោ បាយវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា លោក រស់ ហេង អតីតអភិបាលស្រុកសង្គមថ្មី ត្រូវបាន ផ្ទេរភារកិច្ចជាអភិបាលស្រុកជ័យសែន ជំនួស លោក ជុំ ពុយ អភិបាលស្រុកជ័យសែន ត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលស្រុកសង្គមថ្មីវិញ៕

ដោយ ទិត ស្រ៊