ក្រុមហ៊ុនចិន សន្យានឹងបន្តជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — លោក Peter Cuan នាយកគ្រប់គ្រងក្រុមហ៊ុនមីឌា (Midea) ប្រចាំតំបន់អាស៊ាន បានថ្លែងថា លោកសន្យានឹងបន្តជួយរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើន កើនឡើងជាលំដាប់។

ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងឱកាសប្រារព្ធធ្វើពិធីថ្លែងអំណរគុណដល់ដៃគូ ចែកចាយ និងផ្សព្វផ្សាយយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០១៩ របស់ក្រុមហ៊ុនមីឌា (Midea) ប្រទេសចិននៅកម្ពុជា កាលពីរាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល​ភ្នំពេញ ភូគីត្រា។ កម្មវិធីនេះក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងឯកឧត្តម ឧត្តមសេនីយ៍ មាស សុភា។

លោក Peter Cuan នាយកគ្រប់គ្រងក្រុមហ៊ុនមីឌាប្រចាំតំបន់អាស៊ាន បានលើក ឡើងថា ក្រោយការភិវឌ្ឍន៍យ៉ាងឆាប់រហ័សរយៈពេល ៥០ឆ្នាំ  (Midea) បានក្លាយ ជាម៉ាកយីហោ ល្បីលេខ១​ ខាងម៉ាស៊ីនត្រជាក់ក្នុងពិភពលោក។ ឆ្នាំ២០១៩នេះ Midea ​នឹងប្រារព្ធខួប១០ឆ្នាំរបស់ខ្លួន។ លោក Peter បានសន្យាថានឹងបន្តរួម ចំណែកជំរុញ កំណើនសេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋខ្មែរ និងលើកស្ទួយវិស័យសមា្ភរ ប្រើប្រាស់ក្នុងផ្ទះនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោកបានរម្លឹកថា ការបង្កើតឡើងក្នុងឆ្នាំ ១៩៦៨   Midea គឺជាម៉ាកដ៏ល្បីល្បាញ បំផុតមួយ នៃមុខទំនិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ក្នុងទីផ្សារពិភពលោក។ បច្ចុប្បន្ននេះ Midea បាននាំចេញទៅកាន់ប្រទេសជាង ២០០ប្រទេស និងមានការិយាល័យនៅក្នុង ប្រទេសចំនួន៣២។ ក្រុមហ៊ុនមានបុគ្គលិកជាង ១៥ម៉ឺន នាក់នៅទូទាំងពិភពលោក ហើយក្រុមហ៊ុនមានរោងចក្រនៅក្នុងប្រទេសចិន វៀតណាម ឥណ្ឌា ប្រេស៊ីល អាហ្សង់ទីន ម៉ិកស៊ិក អេហ្ស៊ីប និងបេ​ឡា​រុស្ស។ ជាមួយនឹងបទពិសោធន៍ប្រាំពីរឆ្នាំនៅប្រទេសកម្ពុជា Midea  ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនគួរឱ្យទុកចិត្តឯកទេសខាងឧស្សា ហកម្មម៉ាស៊ីន ត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកខោអាវ កង្ហា គ្រឿងអគ្គិសនី និងការដំឡើងការថែទាំ និងសេវាកម្មក្រោយពេលលក់។

លោកបន្តថា ដោយឡែកក្រុមហ៊ុន Midea នៅកម្ពុជាមានបុគ្គលិកជាង ៨០នាក់ ហើយបណ្តាញចែកចាយរួមមាន៖ ផ្សារទំនើបអ៊ីអនម៉ល ,nojima, ហាង K-4 និងមានអ្នកចែកចាយទូទាំងប្រទេសផងដែរ៕

ដោយ ប៉ាល់ សុង