ក្រសួងបរិស្ថានប្រកាសពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងអភិរក្សជីវចម្រុះ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុង តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះដោយអះអាងថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរស្តីពីការចាត់វិធាន ការថែរក្សា ទឹកទុក ដោយព្រះរាជាណាចក្រកម្ពុជានឹងទទួលរង(ដោយប្រយោល)ពីបាតុភូតអែល នីណូ​នឹងបង្កឱ្យមានបាតុភូតរដូវប្រាំងនេះ(ពិសេសខែមេសានិងឧសភា)មានសភាពក្តៅហួតហែង សីតុណ្ណភាពអតិបរិមានៅពេលខ្លះអាចកើនឡើងដល់៤០ទៅ៤២អង្សាសេ។

ក្នុងសេចក្តីប្រកាសបានលើកឡើងថា បាតុភូតក្តៅហូតហែងរបៀបនេះ នឹងធ្វើឱ្យព្រៃ​ឈើក្នុងប្រទេសកម្ពុជាងាយទទួលរងនូវបាតុភូតភ្លើងឆេះព្រៃដោយសារកត្តាធម្មជាតិ និង សកម្មភាពមនុស្ស។ បើតាមការកត់សម្គាល់របស់ក្រសួងបរិស្ថាន​និងយោងតាមរបាយ​ការណ៍ របស់ថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងថ្នាក់តំបន់បានឱ្យដឹងថា បញ្ហាភ្លើងឆេះព្រៃ​តែងតែកើត​ឡើងនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនានារបស់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំជាពិសេសនៅក្នុងរដូវប្រាំង។

ក្រសួងបរិស្ថានបានលើកឡើងថា កត្តាដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុត នារដូវ ប្រាំងមានជាអាទិ៍៖ ការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងលំនៅថ្មី និងការដុតព្រៃដើម្បីចាប់សត្វព្រៃ និងការធ្វេស ប្រហែសរបស់មនុស្ស។ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃក្រសូងបរិស្ថានសូមធ្វើសេចក្តីណែនាំដល់អង្គភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថ​កិច្ច រួមទាំងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តន៍វិធានការ ទប់ស្កាត់​និងណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយ ដើម្បីប្រមូលផល អនុផលព្រៃឈើ ការដុតព្រៃស្ទាក់ចាប់សត្វ និងការដុតវាលស្មៅជាដើម។ ទប់ស្កាប់ការកាប់​ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើនិងព្រៃលិចទឹកក្នុងគោលបំណងផ្សេងទៀត ដែលជា​សកម្មភាពល្មើសច្បាប់នឹងបង្កឱ្យមានភ្លើងឆេះព្រៃ និងរាលដាលដល់ផ្ទះសម្បែងរបស់ប្រជា  ពលរដ្ឋ ស្នាក់ការ ស្នាក់ការរង និងហេដ្ឋារចនារូបវន្តនានានៅក្នុងនិងជុំវិញតំបន់ការពារ ធម្មជាតិ។ ទន្ទឹមនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ក្នុងការដុតកាកសំណល់ផ្សេងៗ នៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ។ ជាមួយគ្នានេះ មន្ទីរបរិស្ថានរាជ​ធានី ខេត្តត្រូវណែនាំអ្នកពាក់ព័ន្ធ អនុវត្តន៍វិធានការបច្ចេកទេសសមស្របដែលអាចធានា សុវត្ថិភាព ចំពោះភ្លើងព្រៃដោយត្រូវពន្លត់ភ្លើងឱ្យអស់មុនចាកចេញពីទីតាំងប្រើប្រាស់ភ្លើងនោះ។

តែទោះបីយ៉ាងក្ដី ក្នុងករណីមានភ្លើងឆេះព្រៃធ្ងន់ធ្ងរសូមសមត្ថកិច្ចពាក់ព័ន្ធប្រញាប់​ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាព​រាជធានី​ ខេត្តត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើប្រាស់កម្លាំងរួមមានប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ដែលឈរជើងនៅក្នុង​មូលដ្ឋាននោះរួមគ្នាទប់ស្កាត់និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។

លើសពីនេះ ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធក្នុង​ការហាម​ឃាត់ការប្រើប្រាស់ដីព្រៃឈើនិងព្រៃលិចទឹកដែលឆេះរួចដើម្បីទុកលទ្ធភាពឱ្យព្រៃដុះឡើងវិញតាមលក្ខណៈធម្មជាតិឬដាំស្តារឡើងវិញ។ ក្រសួងបរិស្ថានបានរម្លឹកផងដែរថា អនុលោម​តាមច្បាប់ស្តីពីការការពារធម្មជាតិមាត្រា៦២ ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនាជាបទ ល្មើសធនធានធម្មជាតិថ្នាក់ទី៤ដែលត្រូវផ្តន្ទាទោសនិងផាកពិន័យជាប្រាក់៕

ដោយ ប៊ុនរិទ្ធ