ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនា ផ្លូវចាក់កៅស៊ូប្រភេទ DBST និង​បេតុង​ចំនួន២ខ្សែ​ ប្រវែង១២.៩០០ម៉ែត្រ

AKP កំពង់ចាម ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — ផ្លូវចំនួនពីរខ្សែដែលមានប្រវែងសរុប១២.៩០០ម៉ែត្រ ក្នុងនោះផ្លូវខ្សែ​ទី១មានប្រវែង ៦.០០០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧​ ស្ថិតនៅក្នុងភូមិមៀន​ ដល់ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ជាផ្លូវចាក់កៅស៊ូ ប្រភេទ DBST និងខ្សែ​ទី២​ មានប្រវែង​ ៦.៩០០​ម៉ែត្រ ជាផ្លូវ​ប្រភេទបេតុង ដែលចាប់ពីចំណុចភូមិ​ឃ្លោយទី៣​ ដល់ផ្លូវជាតិលេខ​៧០​ ភូមិ​អូរកណ្ដោល​ ឃុំព្រៃក្របៅ ស្រុក​កងមាស​ ខេត្តកំពង់ចាម ត្រូវបានបើក ការស្ថាបនាសាងសង់នៅព្រឹក ថ្ងៃអាទិត្យ ១៥កើត  ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឯកឧត្ដម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តផងដែរ។

ឯកឧត្ដម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ​ បានមានប្រសាសន៍ ថា ប្រព័ន្ធ ផ្លូវ គមនាគមន៍ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ណាស់ សម្រាប់ប្រជា ពលរដ្ឋនិងសង្គមជាតិ ដែលបម្រើនូវផលប្រយោជន៍រួម ព្រោះផ្លូវជារសសៃឈាមសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋយ៉ាងសំខាន់ក្នុងការធ្វើចរាចរដល់មនុស្សទូទៅ និងដឹកនាំនូវផលិតផលរបស់ ខ្លួនទៅ កាន់ទីផ្សារហើយសំខាន់នោះការធ្វើឱ្យទីក្រុងនិងជនបទនៅជិតគ្នា។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា មានផ្លូវមានក្តីសង្ឃឹម នៅពេលដែលបងប្អូន យើងទទួលបានផ្លូវ១ខ្សែនេះហើយ ពិតជាបានផ្តល់ប្រយោជន៍ជាច្រើនដល់បងប្អូន យើងពិសេសនៅតំបន់នេះគឺទីផ្សារដីតែម្តង។ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ ជាប់បណ្តោយផ្លូវកំពុងបើកការដ្ឋាននៅថ្ងៃនេះ សូមមានការយោគយល់និងអធ្យាស្រ័យ ចូលរួមសហការជាមួយក្រុមការងារ​ បើមានការប៉ះពាល់ដល់ការសាងសង់ផ្លូវ ដូចជាការត្រួសត្រាយកាប់ដើមឈើ ឬប៉ះទៅលើរបងផ្ទះរបស់បងប្អូនជាដើម។​

ឯកឧត្តម​អភិបាលខេត្ដ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សា ផ្លូវនេះ ពេលបានផ្លូវក្រាលកៅស៊ូស្អាតហើយ សូមនាំគ្នាជួយថែរក្សា ផ្លូវនេះឱ្យបានល្អ ហើយ ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម​ បណ្ឌិត​ ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ មានដូចជា ផ្លូវ ទឹក ភ្លើង ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម ដូច្នេះស្នាដៃរបស់សម្ដេចតេជោ បានធ្វើឱ្យយុវជនជំនាន់ក្រោយមានការកោតសរសើរ និងចងចាំជានិច្ចចំពោះការ ដឹកនាំដ៏ប៉ិនប្រសព្វ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកលូតលាស់បន្តទៅមុខទៀត។

ឯកឧត្តម​ បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ថា សព្វថ្ងៃនេះប្រទេសជាតិទទួលបាន សុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស ប្រជាពលរដ្ឋរស់នៅប្រកបដោយក្តីសុខសប្បាយ ក្រោមដំបូលសុខសន្តិភាពប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ នៅថ្ងៃនេះបងប្អូន ប្រជាពលរដ្ឋបានទទួលនូវសមិទ្ធផលថ្មីមួយទៀត គឺផ្លូវចាក់កៅស៊ូ​ ពីផ្លូវ​ជាតិលេខ​ ៧​ ភូមិមៀន​ ស្រុក​ព្រៃឈរ​ និង​ ផ្លូវ​បេតុង​ ចាប់ពី​ ភូមិ​ឃ្លោយទី​៣​ ដល់ផ្លូវជាតិលេខ​ ៧០​ ភូមិ​អូរកណ្ដោល​ ឃុំព្រែកក្របៅ​ ស្រុក​កងមាស​ ខេត្តកំពង់ចាមពិតជាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋយើងសូមបងប្អូនទាំងរួមគ្នាថែរក្សាសុខសន្តិភាពនិងសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្សនិងរួមគ្នារពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕​

ដោយ ឆាយ ម៉ុត