សម្ដេចតេជោជំរុញឱ្យក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិនបើកការដ្ឋាន ស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុឱ្យបានឆាប់

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — ក្នុងខណៈដែលអនុញ្ញាតឱ្យឱ្យក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន (China Ro​ad and Bridge Comrporation CRBC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនា​ឱ​កា​សបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ​២០​១៩នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណាចក្រ​កម្ពុ​ជាបានជំរុញឱ្យក្រុមហ៊ុនបើកការដ្ឋានសាងសង់ឱ្យបានឆាប់ នូវគម្រោងផ្លូវល្បឿន​លឿនភ្នំ​ពេ​ញ ខេត្តព្រះសីហនុ។យោងតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាគ្នានោះ ក្រុម​ហ៊ុ​​ន​វិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន បានគោរពរាយការណ៍ជូនសម្តេចតេជោ​នាយ​ក​រដ្ឋ​មន្រ្តី អំពីបច្ចុប្បន្នភាពនៃគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងផែនការសម្រាប់​អនុវត្តន៍នៅពេលខាងមុខ ដែលកន្លងមកក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន បា​ន​រួម​ចំណែកសាងសង់ផ្លូវ និងស្ពានជាច្រើនក្នុងប្រទេសកម្ពុជា ហើយសម្រាប់ពេលខាងមុខ ក្រុម​ហ៊ុននិងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ដែលគ្រោង​នឹង​បើក​ការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគម្រោងសាង​ស​ង់​​ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាម បាវិត និង​ការស្ថាបនាផ្លូវលេខ​១៥​-៥១​ ដែល​តភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងខេត្តបាត់ដំបងផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនបើកការដ្ឋាន​សា​ង​​សង់ឱ្យបានឆាប់នូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ដែលបាន​ធ្វើការ​ដោះ​ស្រា​យរួចរាល់មកហើយនោះ។ ពាក់ព័ន្ធផ្លូវដែលត្រូវតភ្ជាប់ចេញពីរាជធានីភ្នំពេញ ភ្ជាប់ជា​មួ​យនឹង​ផ្លូវល្បឿនលឿន គឺយើង ត្រូវសិក្សាជាបន្ទាន់ដើម្បីសាងសង់តភ្ជាប់។

ដោយឡែក​ចំ​ពោះ​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សម្តេចតេជោបានបញ្ជាក់ថា ក្រុម ហ៊ុនត្រូវតែសិក្សា​និងជ​ជែ​ក​គ្នាបន្ថែមជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុនជា ច្រើនបានសិក្សារួម​មក​ហើ​យនោះ៕

ដោយ ជឹម ណារ