​ក្រុមគ្រូពេទ្យសម្តេចតេជោចុះពិនិត្យព្យាបាលជំងឺជូនកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅស្រុកថ្មពួក ​ខេត្តបន្ទាយមានជ័យ​

AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ -កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យចំនួន​២.២៤៦នាក់បានទទួលការពិនិត្យពិគ្រោះព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យសម្តេចតេជោហ៊ុនសែន។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ​កាលពីថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ខែមករា ឆ្នាំ២០១៩នៅទីតាំងវរសេនា តូចថ្មើរ​ជើងលេខ ៥១៤ ចំណុះកងពលតូចថ្មើរជើងលេខ ៥១ នៅភូមិថ្មដែកកេះ ឃុំបន្ទាយ ឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាលនិងពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់ កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរ យកចិត្តទុកដាក់ជួយដោះស្រាយរាល់ការលំបាកជូនដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរលោកជំទាវ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានជួយសម្របសម្រួលឱ្យពុកម៉ែ បងប្អូនប្រជា ពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ បានអញ្ជើញមកដល់ទីតាំងទទួលបានការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយ​ឥតគិតថ្លៃនេះ។

សូមបញ្ជាក់ថាមុនការពិនិត្យពិគ្រោះនិងព្យាបាលជំងឺក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកមាន នំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសាប្រកប ដោយភាពស្និទ្ធស្នាលបំផុត។

ជាមួយនេះក្រុមវេជ្ជសាស្ត្រសម្តេចតេជោបានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ ទាំងអស់ដែលអញ្ជើញមកទទួលសេវាព្យាបាលនេះ ព្រម ទាំងពិនិត្យវាស់ភ្នែកចែកជូនវែនតាសម្រាប់លោកយាយ លោកតា ចំនួន៣៥០គ្រឿងចែកជូន សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស ខោអាវលោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញ សម្រាប់ជនពិការចំនួន ២០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលការពិនិត្យ និង ព្យាបាលជំងឺ នាពេលនេះ សុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរ គុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម ទាំងក្រុមគ្រួសារ និងសូមជូនពរក្រុមគ្រួសារសម្តេចតេជោឱ្យមានសុខភាពល្អបរិបូ ដើម្បី បន្តដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត ៕

ដោយ ឈុន សារ៉ាត