រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យភាគីពាក់ព័ន្ធពង្រឹងការអនុវត្តវិធានការចំនួន៥ចំណុច ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពង្រឹងការអនុវត្តវិធានការចំនួន៥ចំណុច ដើម្បីរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប។ វិធានការទាំង៥នោះរួមមាន ផ្សព្វផ្សាយច្បាប់ ការអនុវត្តច្បាប់ វិស្វកម្មផ្លូវថ្នល់ ការសង្រ្គោះបន្ទាន់ និងការលើកទឹកចិត្តជំរុញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្តេចក្រឡាហោម បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយដែលរួមមាន ស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត និងបណ្តាក្រុមហ៊ុនទូរស័ព្ទនានា ចូលរួមផ្សព្វផ្សាយសារអប់រំ ចម្រៀងអប់រំ និងការកម្សាន្តនានារៀងរាល់ថ្ងៃ ដែលមានអត្តន័យលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានណែនាំឱ្យមានការពង្រឹងឱ្យមានប្រសិទ្ធភាពថែមទៀតចំពោះខេត្ត រាជធានីដែលមានចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតខ្ពស់ដូចជា ខេត្តព្រះសីហនុ ខេត្តកណ្តាល និងរាជធានីភ្នំពេញ បូករួមនឹងខេត្តផ្សេងទៀត។
សូមជម្រាបថា ផ្អែកតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសម្រាប់ឆ្នាំ២០១៨ បានបង្ហាញថា ចំនួន៧៨ភាគរយ នៃជនរងគ្រោះដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកប្រើប្រាស់ទោចក្រយានយន្ត ដែលក្នុងនោះមានជនរងគ្រោះដល់ទៅ៧៨ភាគរយ មិនពាក់មួកសុវត្ថិភាព។

សម្តេចក្រឡាហោម ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ទោចក្រយានយន្តទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់គ្នាដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត៕

ដោយ ចាន់ សុធីវង្ស