រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ៖ បើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ ចំនួនអ្នកស្លាប់ នឹង​កើនឡើងដល់ ៣.០០០នាក់ នៅក្នុងឆ្នាំ២០២០ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា នៅកម្ពុជាយើងតាមការ ប៉ាន់ប្រមាណរបស់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក បើគ្មានវិធានការទប់ស្កាត់ឱ្យមាន​ប្រសិទ្ធភាពទេនោះ ចំនួនអ្នកស្លាប់នឹងកើនឡើងដល់ ៣.២០០នាក់ នៅក្នុងឆ្នាំ២០២០ខាងមុខ ហើយត្រូវរួមគ្នាដើម្បីទប់ស្កាត់វាដើម្បីអាយុជីវិតពលរដ្ឋ ទាំងអស់​គ្នា។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងលើក ទិសដៅការងារប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង មហាផ្ទៃ សម្តេចក្រឡាហោម បានបញ្ជាក់ថា ដើម្បីបន្តការងាររបស់គណៈកម្មការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ ឱ្យសម្រេចបានល្អប្រសើរថែមទៀត សម្ដេចក៏បានស្នើ​ដល់ថ្នាក់ដឹកនាំជាតិ និងថ្នាក់រាជធានី-ខេត្ត ត្រូវបន្តជំរុញអនុវត្ដន៍ ឱ្យបានសម្រេចតាមទិសដៅ​ដែលបានដាក់ចេញក្នុងរបាយការណ៍ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយ​និរន្តភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងស្មារតីប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់។

សម្ដេចក្រឡាហោម ក៏បានជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការផ្សព្វផ្សាយ​អប់រំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យមាននិរន្តភាព ប្រសិទ្ធភាព ព្រមទាំងត្រូវត្រួតពិនិត្យ មន្ត្រីរាជការកងកម្លាំង សិស្ស និស្សិត និយោជក និយោជិក ក្រោមឱវាទ អំពីការអនុវត្តច្បាប់ និងសីលធម៌។ ក្រៅពីនេះ សម្ដេចក្រឡាហោមក៏បានស្នើឱ្យយន្តការដឹកនាំទាំងថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិបន្តជំរុញអនុវត្តន៍តាមទិសដៅដែលបានដាក់ចេញ ការពង្រឹងយន្តការបញ្ជាដឹក​នាំការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅគ្រប់ថ្នាក់ កែលម្អយន្តការដឹកនាំ និងរបៀបរបប​ការងារឱ្យមានប្រសិទ្ធភាព កំណត់គោលដៅជាអាទិភាពក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ខិតខំដឹកនាំរៀបចំការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមាន​តម្លាភាព។

សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែង របស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបំពេញការ ងារ​ប្រកបដោយ ជោគជ័យកន្លងមក និងបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួម​គោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា ក្រសួងបាន​ខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យស្លាប់ របួស និងការបាត់បង់ទ្រព្យសម្បត្តិ តាមរយៈការ​តាក់​​តែង លិខិតបទដ្ឋានគតិយុត្ត ការជួសជុលថែទាំផ្លូវ បំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា ចែក​មួកសុវត្ថិភាព និងរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃយានយន្ត​ខុសលក្ខណៈបច្ចេកទេស។ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរអំពីអត្ថប្រយោជន៍​នៃការដាក់ឱ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីកាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ដែលកើតឡើងដោយសារជង្ហុក សំបុកមាន់ និងផ្លូវខូច ព្រមទាំងជួយឱ្យប្រជា​ពលរដ្ឋធ្វើដំណើរលើប្រព័ន្ធបណ្តាញផ្លូវប្រកបដោយ សុវត្ថិភាព។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីទិសដៅបន្តរបស់ក្រសួង សាធារណការ និង ដឹកជញ្ជូន ទាក់ទងនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការរៀបចំបទដ្ឋានគតិយុត្ត បន្ថែមទៀត ការបន្តយុទ្ធនាការចែកមួកសុវត្ថិភាព ការបំពាក់ផ្លាកសញ្ញា ការបិទចំណាំផ្លាត ការបង្កើតយន្តការទប់ស្កាត់ការដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការជួសជុល និងថែទាំផ្លូវ សកម្មភាពនិងយុទ្ធនាការផ្សេងៗទៀត ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ទសវត្សរ៍របស់អង្គការ សហប្រជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រានៃការរងរបួសធ្ងន់​ធ្ងរឱ្យ​បាន៥០ភាគរយ នៅត្រឹមឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា នៅឆ្នាំ២០១៨ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៧ភាគរយ ប្រៀប​ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះចំនួន អ្នកស្លាប់បានថយចុះ ១ភាគរយ ប្រៀបធៀបនឹងឆ្នាំ​២០១៧។ ចំណែកចំនួនអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៤ភាគរយ ប្រៀបធៀប​នឹងឆ្នាំ២០១៧៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ឡាញ់ ​វិសាល