ផលត្រីនៅខេត្តកំពង់ចាមកំពុងត្រូវខ្លាំង ដែលប្រជាពលរដ្ឋនាំគ្នាមកទិញត្រី​ធ្វើ​​ប្រហុក​ ផ្អកយ៉ាងច្រើនកុះករ

AKP កំពង់ចាម ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ — លោក អ៊ុន ណារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ចាម​បានឱ្យ​ទីភ្នាក់ងារសាព័ត៌មានកម្ពុជា AKPដឹង កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ ​នេះ​ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះត្រី​សម្រាប់ ធ្វើ​ប្រហុក​ផ្អក បានធ្វើ​ដំណើរ​ចូលដល់​ទន្លេមេគង្គ ក្នុង​ខេត្តកំពង់ចាម​ចាប់តាំពីថ្ងៃ​១១ ​កើត ​ត្រូវ​នឹង​ថ្ងៃទី​១៦ ​ខែមករា ​ឆ្នាំ​២០១៩ មកម្លេះ​ហើយរយៈពេលត្រីកំពុងត្រូវគួរសមដែលអាច​មាន​រយៈ​ពេល៧ថ្ងៃគឺអាចរហូតដល់ថ្ងៃ​១រោជ ២រោជខែបុស្សនេះ។ ចំពោះក្រុមអាជីវកម្មនេសាទ​បាននិងកំពុងមមាញឹកក្នុងការធ្វើអាជីវកម្មនេសាទ ហើយប្រជាពលរដ្ឋបានកំពុងសម្រុកមក​ទិញត្រីយកទៅធ្វើប្រហុកផ្អកសម្រាប់ទុកហូបចុកក្នុងគ្រួសារ។

លោកនាយ​ខណ្ឌ​ជលផល​បាន​ឱ្យ​ដឹង​ទៀតថា តាមការពិនិត្យ​ជាក់ស្តែង​តាមចំណុចដែននេសាទតាមដងទន្លេ​មេគង្គខេត្ត​កំពង់ចាមចាប់ផ្ដើមសម្បូរ ហើយ​សន្ទុះ​នៃរយ​:​ពេល​ត្រី​ត្រូវ​អាច​ត្រូវក្នុងប្រមាណ​មួយ​សប្តាហ៍​ទៀត។ ​ដោយឡែកសម្រាប់​បរិមាណផលត្រីឆ្នាំនេះ ក្នុងដែននេសាទខេត្តកំពង់ចាមឆ្នាំនេះ សម្បូរជាងឆ្នាំមុនដោយទឹកទន្លេឡើងធំមានរយៈពេលយូរត្រីអាចកើតច្រើនជាមួយនឹងការ យកចិតទុកដាក់ខ្ពស់របស់សមត្ថកិច្ចជំនាញជលផលខេត្តសហការជាមួយអាជ្ញធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានក្នុងការចុះបង្ក្រាបបទល្មើសនេសាទជាប្រចាំ គួបផ្សំនឹងការយល់ដឹងពីប្រជា ពលរដ្ឋក្នុងការចូលរួមផងនោះធ្វើឱ្យបរិមាណត្រីក្នុងបឹងធម្មជាតិមានការកើនឡើង។

​លោកបាន​បញ្ជាក់ទៀតថា តាម​ទំហំ​ផល​ត្រី​ដែល​ប្រជា​នេសាទ​ធ្វើបានគឺ​គួរសម​គឺ​លើក​មួយ​ម៉ាញ់​ភាគច្រើន​ជា​ប្រភេទ​ត្រី​រៀល ធម្មតា  សម្រាប់ធ្វើប្រហុកផ្អកចាប់​ ​ពី២០០ ដល់ ៥០០គីឡូក្រាម​ក្នុងមួយលើកៗ។​ចំពោះតម្លៃត្រីសម្រាប់ប្រហុកផ្អកឆ្នាំនេះ នៅពេលត្រីត្រូវមាន តម្លៃចាប់ពី១.៥០០រៀល ដល់៣.៥០០រៀល ក្នុងមួយគីឡូក្រាម ដែលឆ្នាំមុនមានតម្លៃចាប់ ពី៣.៥០០រៀល រហូតដល់៦.០០០រៀល ក្នុងមួយគីឡូក្រាមក្នុងពេលតម្លៃត្រីត្រូវដូចគ្នា ហើយប្រជាពលរដ្ឋមកពីតំបន់ជិតឆ្ងាយនាំគ្នាមកទិញត្រីធ្វើប្រហុកផ្អកយ៉ាងច្រើន។

លោក អ៊ុក ណារិន បានឱ្យដឹងថា ក្នុងរយៈពេលត្រីអាចត្រូវមានរហូតដល់​ថ្ងៃ១រោជ ខែបុស្សឯណោះ ​ឯនៅ​ខ្នើត​នេះ ត្រី​សម្បូរច្រើន​ហើយ​ធំៗ​គួរសម ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក​ផ្អក​សូម​អញ្ជើញ​រួសរាន់ ប្រញាប់​មកកាន់​ទន្លេមេគង្គ​ខេត្តកំពង់ចាម នៅ​ខ្នើត​ចុងក្រោយ​នេះដោយផលត្រីសម្បូរ។​ ទន្ទឹមនេះ ទីតាំង​សម្រាប់​ទិញត្រី​ធ្វើផ្អក ​ប្រហុក​មាន​នៅតាមទីតាំងទាំងនេះរួមមាននៅមុខ​វត្ត​ជ្រោយ​ថ្ម កំពង់​រង់ចាំ និងកំពង់​សាឡាង​ចាស់ ក្នុង​ក្រុង​កំពង់ចាម ​ហើយនៅចំណុចផ្សេងទៀតមាននៅចំណុចកំពង់ដ​ភូមិ​ថ្មី ឃុំ​រកា​គយ ស្រុក​កង​មាស​, កំពង់ដ​ភូម​ខ្ញូ​ង ឃុំ​ខ្ញូ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ៕

ដោយ ឆាយ ម៉ុត