សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ប្រកាសគាំទ្រចំពោះ​បេក្ខភាពអូស្រ្តាលីសម្រាប់អាសនៈ នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ​ឆ្នាំ២០១៩ — សម្តេចប្រធានព្រឹទ្ធសភា បានប្រកាសថា ព្រះរាជាណាចក្រកម្ពុជា នឹងគាំទ្រចំពោះ​បេក្ខភាពអូស្រ្តាលីសម្រាប់អាសនៈ នៅក្នុង​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០១៨-២០២០។ ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួល ជួបសវនាការជាមួយ​នឹងគណៈប្រតិភូជាន់ខ្ពស់ ព្រឹទ្ធសភាអូស្រ្តាលី ដឹកនាំដោយ​ឯកឧត្តម Scott Ryan ប្រធាន​ព្រឹទ្ធសភាអូស្រ្តាលី ក្នុងឱកាស​ដែលឯកឧត្តម​ដឹកនាំគណៈ​ប្រតិ​ភូជាន់ ខ្ពស់ព្រឹទ្ធសភាអូស្ត្រាលី​ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកា​សភាអាស៊ី-ប៉ាស៊ី​ហ្វិក នៅខេត្ត​សៀមរាប និងបន្តបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ។ ជំនួប​នេះ ធ្វើ ឡើងកាលពីរសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ។
សម្តេច​​​វិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះឯកឧត្តម Scott Ryan និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវាទិកាសភាអាស៊ី-ប៉ាហ្វិក នៅខេត្តសៀមរាប និងបន្តមក​បំពេញទស្សនកិច្ចនៅ​រាជធានីភ្នំពេញ។ សម្តេច​​​វិបុលសេនាភក្តីបានបន្ដថា ការអញ្ជើញមកចូលរួមកិច្ចប្រជុំ និង​ទស្សន​កិច្ចរបស់ឯកឧត្តម បាន​បង្ហាញច្បាស់ពីការគាំទ្រសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជា ប្រធានអង្គប្រជុំ ព្រមទាំងរួមវិភាគទានឱ្យ​ដំណើរការនៃកិច្ចប្រជុំទាំងមូល បានប្រព្រឹត្តទៅ​យ៉ាងរលូន និងប្រកបដោយជោគជ័យ។

សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ការចូលរួមកិច្ចប្រជុំ និងទស្សនកិច្ច​របស់​ឯកឧត្តមនាពេលនេះ ពិតជាបានរួមចំណែកដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងសភា ប្រជាជន និងប្រទេស ទាំងពីរដែលមានតាំងពីយូរណាស់​មក​ហើយ។

ឯកឧត្តម Scott Ryan ប្រធានព្រឹទ្ធសភាអូស្រ្តាលី បានសម្តែងនូវការអបរអរចំពោះ​សភា​កម្ពុជា​ដែលធ្វើជាម្ចាស់ផ្ទះ​ក្នុងការរៀបចំកិច្ច​ប្រជុំ​ប្រ​ចាំ​ឆ្នាំលើកទី២៧ នៃវេទិកាសភា អាស៊ី-ប៉ាស៊ី​ហ្វិក នៅខេត្តសៀមរាប ដោយទទួលបានជោគជ័យ និងបានទទួបដិសណ្ឋារ​កិច្ចយ៉ាង​កក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ក្នុងតំបន់អាស៊ីប៉ាស៊ី-​ប៉ាស៊ីហ្វិក ដែល​បានចូល រួម​ក្នុងកិច្ចប្រជុំដ៏​មាន​សារៈ​សំខាន់នេះ ។

ឯកឧត្តមសម្តែងនូវសេចក្តីរីករាយ ដែលសភា​អូស្រ្តាលីទទួល​ធ្វើជាម្ចាស់ផ្ទះ​រៀបចំកិច្ច​ប្រជុំ​ប្រចាំឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២០ ហើយសភា​អូស្រ្តាលីនឹង​យក​ចិត្ត​ទុកដាក់ក្នុងការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងកិច្ចសហ​ប្រតិបត្តិការក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ដើម្បី​ឱ្យ​បានជោ​គជ័យ ​ដូចការរៀបចំ​កិច្ចប្រ​ជុំប្រចាំ​ឆ្នាំ​លើកទី២៧ នៅព្រះ​រាជាណាចក្រកម្ពុជាដែរ។

ឯកឧត្តម Scott Ryan បានលើកឡើង​ថា គោល​បំណង​ក្នុងដំណើរទស្សនកិច្ចនាពេល នេះ គឺដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តែងនូវ​សេចក្តីរីក​រាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ ដែលមានតាំង​ពីយូរ​លង់ណាស់​មក​ហើយ ដែលក្នុ​ងរយៈ២០ឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជា​មានការរីកម្រើនយ៉ាង​ឆាប់រហ័ស។

ឯកឧត្តម Scott Ryan បានគូសបញ្ជាក់ថា ប្រទេសអូស្រ្តាលីមានមោទន​ភាព​ដែលបាន​ផ្តល់ជំនួយ​ដល់​ប្រទេសកម្ពុជារយៈពេលវែង​ លើវិស័យជាច្រើនដូចជា វិស័យសេដ្ឋកិច្ច កសិកម្ម សុខាភិបាល និងវិស័យ​ជា​ច្រើន​ទៀត។ ទន្ទឹមនេះ គណៈប្រតិភូសភាអូស្រ្ដាលី បាន​ឃើញក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវាទិកា​ស​ភាអាស៊ី-ប៉ាស៊ីហ្វិក នៅខេត្ត​សៀមរាប គឺផ្តោតសំខាន់ទៅលើវិស័យផ្សេងទៀតដូចជា វិស័យ​ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រឆាំងនឹង​អំពើភេរវកម្ម និងរួមគ្នាដើម្បីកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត​លើវិស័យផ្សេងៗ។

ឯកឧត្តមប្រធានព្រឹទ្ធសភាអូស្រ្តាលីបន្ដទៀតថា ប្រទេសអូស្រ្តាលីបានកំណត់គោល​នយោ​បាយ​ការបរទេសកាលពីឆ្នាំ២០១៨ ដើម្បីឱ្យមានការរៀបចំវេទិកាថ្នាក់តំបន់ ជាពិសេស​ការធ្វើ​ទំនើបកម្មការងារ និងបញ្ហាសំខាន់ៗជាច្រើន។ ក្នុងនាមព្រឹទ្ធសភាអូស្រ្តាលី​ ឯកឧត្តម​នឹងខិត​ខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព​ ដើម្បីរួមចំណែក​អនុ​វត្តគោល​នយោបាយនេះ ឱ្យ​បាន ទាន់ពេលវេលា។

ឯកឧត្តម Scott Ryan មានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងអង្គការ​នីតិ​ប្បញ្ញត្តិ នៃប្រទេសទាំងពីរ នឹងកាន់ប្រសើរឡើងថែមទៀត ក្នុងការលើកម្ពស់ លទ្ធិប្រជាធិប​តេយ្យក្នុងរយៈពេលជាងពីរទសវត្សរ៍ នាពេលកន្លងទៅនេះ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយចំពោះវឌ្ឍនភាពនៃ ទំនាក់ទំនង មិត្តភាព និងសហ ប្រតិបត្តិការរវាងសភា ប្រជាជន និងប្រទេសទាំងពីរ ដែលមាន​ការរីកចម្រើនឥតឈប់ឈរ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ​ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

សម្តេច​​​វិបុលសេនាភក្តីបានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូសភាអូស្រ្តាលី ដែលបាន​ដើរតួយ៉ាងសកម្ម តាមរយៈការផ្តល់នូវ​ទស្សនាទាន​​សំខាន់ៗជាច្រើនទៅ​ក្នុងកិច្ច​ប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួម ចំណែកដល់ការ​លើក​កម្ពស់​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់តួនាទី​និងស្ថានភាព​​របស់ស្រ្តីនៅ​ក្នុង​តំបន់អាស៊ីប៉ាស៊ី-ប៉ាស៊ីហ្វិក។ ស​ម្តេចប្រធានព្រឹទ្ធសភាបានសម្ដែងនូវការ​អបអរសាទរ និងគាំទ្រសភា​អូស្រ្តាលី ដែល​ទទួល​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើក​ទី២៨ នៃ​វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២០។ សម្តេច​​​វិបុលសេនាភក្តីជឿជាក់ថា ក្រោម​ការ​ដឹកនាំរបស់ឯកឧត្តមជាប្រធាន វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក កិច្ចសហ​ប្រតិបត្តិការ អន្តរសភា​ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅឆ្ពោះទៅសម្រេច​ឱ្យបានជោគជ័យយ៉ាង ត្រចះត្រចង់នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ ឆ្នាំ២០២០។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរ​គុណ​ចំពោះសភា រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលបានផ្តល់ជំនួយ​អភិវឌ្ឍន៍​ជាច្រើន​វិស័យ ជំនួយសម្រាប់សាលាក្តីខ្មែរក្រហម អាហារូបករណ៍ សម្រាប់ និស្សិត និងមន្រ្តីរាជការ​កម្ពុជា។ ជំនួយទាំងអស់នោះ ព្រមទាំង​កិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍បានរួមចំ​ណែកយ៉ាងសំខាន់ដល់ការរីកចម្រើន​របស់កម្ពុជានា​ពេល​បច្ចុប្បន្ននេះ។

សម្តេចប្រធានព្រឹទ្ធសភាបានបានបន្ថែមថា សម្រាប់នីតិកាលទី៤នេះ ព្រឹទ្ធសភាកម្ពុជា បានបង្កើត ក្រុមមិត្តភាពទ្វេរភាគីជាមួយ​ព្រឹទ្ធសភា​អូស្រ្តាលី​រួចហើយ ដែលព្រឹទ្ធសភា នឹងបន្ត​ខិតខំលើកម្ពស់កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភានៃប្រទេស​ទាំងពីរ តាមរយៈការផ្ដាស់ប្តូរ​ទស្សនកិច្ច ការផ្ដាស់ប្តូរបទពិសោធន៍លើវិស័យច្បាប់ សិទ្ធិមនុស្ស លទ្ធិប្រជា​ធិបតេយ្យ និង​បច្ចេកវិទ្យាព័ត៌មាន។

សម្តេចប្រធានព្រឹទ្ធសភាបានឱ្យដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជាសូម​ស្វាគមន៍​ចំពោះសេចក្តី ប្រកាសរបស់អូស្រ្តាលីស្ដីពី ការបង្កើនចំនួនអាហារូបករណ៍ អូស្រ្តាលីទ្វេដង​សម្រាប់ប្រទេសជាសមាជិកអាស៊ាន ហើយព្រះរាជាណាចក្រកម្ពុជានៅតែបន្តអនុវត្តន៍អនុស្ស​រណៈយោគយល់គ្នា​ស្តីពី ការតាំងទីលំនៅនៃជនភៀសខ្លួន​នៅកម្ពុជា៕

ដោយ អ៊ុន រិទ្ធី