កម្ពុជា នឹងខាតបង់លើពន្ធអង្ករប្រមាណ ៥០លានដុល្លារក្នុង១ឆ្នាំ លើការនាំចូលទៅកាន់សហភាពអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៩ — កម្ពុជា នឹងខាតបង់លើពន្ធអង្ករប្រមាណ៥០លានដុល្លារក្នុង១ឆ្នាំ លើការនាំចូលអង្ករទៅ​កាន់​សហភាពអឺរ៉ុប ក្រោយពីសហភាពអឺរ៉ុប សម្រេចកំណត់ពន្ធនាំចូលអង្ករ៤ប្រភេទរបស់កម្ពុជា។ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងសន្និសីទសារ​ព័ត៌​មានស្ដីពីវិធានការការពារទីផ្សារដោយសារសហភាពអឺរ៉ុប(EU) កាត់ពន្ធលើការនាំអង្ករ​នៅកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះថា អង្ករកម្ពុជា​ដែលត្រូវបានសហភាពអឺរ៉ុប(EU) កំណត់ឱ្យបង់ពន្ធ មានចំនួនតែ៤ប្រភេទ ដែលជាប្រភេទ អង្ករស និងអង្ករក្រអូប ដែលរួមមានលេខកូដ 10063027, 10063048, 10063067 ជាប្រភេទ​អង្ករស និងកូដ 10063098 ជាប្រភេទអង្ករក្រអូប។ ឯកឧត្តមបន្តថា ប្រភេទអង្ករខាងលើនេះ ត្រូវបានEU ធ្វើការសម្រេចគិតពន្ធ ក្រោយមានការស្នើសុំឱ្យមានការពិនិត្យលើការ​នាំចូល​អង្កររបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ពីប្រទេសជាសមាជិកអឺរ៉ុបថា អង្ករទាំងនេះ បានធ្វើ​ឱ្យប៉ះពាល់ដល់ ចំណែកទីផ្សារអង្កររបស់ប្រទេសជាសមាជិកនៅសហគមន៍ បានធ្លាក់ចុះពី ៦១ភាគរយ មកនៅត្រឹមតែ ២៩ភាគរយប៉ុណ្ណោះ បន្ទាប់ពីតម្លៃអង្ករនាំចូលពីប្រទេស​ទាំងពីរ​នេះ ត្រូវបានដាក់លក់ក្នុងតម្លៃទាបជាបន្តបន្ទាប់។

ឯកឧត្តមបន្ថែមថា សហគមន៍អឺរ៉ុបបាន​សម្រេច​កំណត់ពន្ធតម្លៃ១៧៥អឺរ៉ូ (១៩៩.៥០ដុល្លារអាម៉េរិក)ក្នុងអង្ករ១តោននៅឆ្នាំដំបូង បន្ទាប់ មកអត្រាដកហូតពន្ធគយនឹងធ្លាក់ចុះដល់ចំនួន១៥០អឺរ៉ូនៅឆ្នាំទីពីរ ហើយនៅឆ្នាំទី៣ អត្រា​ពន្ធគយលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ា នឹងធ្លាក់ចុះមកនៅត្រឹម១២៥អឺរ៉ូ ហើយនៅឆ្នាំ​បន្ត​​បន្ទាប់តម្លៃនឹងធ្លាក់ចុះបន្ថែម។ ឯកឧត្តមគូសបញ្ជាក់ថា បើទោះបីជាការសម្រេចកំណត់​ពន្ធ​​អង្ករមកលើកម្ពុជានេះ បានធ្វើឱ្យប៉ះពាល់ដល់វិស័យស្រូវអង្ករនៅកម្ពុជាក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំដំបូងនេះ ស្របពេលដែលអង្ករនាំចេញពីកម្ពុជាទៅអឺរ៉ុបមានជិត២៧ម៉ឺនតោន ស្មើ​នឹង​៤២.៩៨ភាគរយនៃចំនួនដែលបាននាំចេញទាំងអស់ចំនួន៦២ម៉ឺនតោន ក៏កម្ពុជា នៅមាន​សង្ឃឹមក្នុងការតវ៉ាលើការទាមទារឱ្យEU គិតឡើងវិញពីការកំណត់ពន្ធនេះ ដោយហេតុផលថា អង្ករដែលនាំចូលទៅទីផ្សារEUនេះ មិនបានអន្តរាយដល់ប្រទេសដាំអង្ករនៅអឺរ៉ុបនោះទេ ព្រោះអឺរ៉ុបមិនមានដាំប្រភេទអង្ករក្រអូប និងអង្ករស ប្រភេទដែលនាំចូលពីកម្ពុជានោះឡើយ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ អង្ករកម្ពុជាជិត ២៧ម៉ឺនតោន ត្រូវបាននាំ​ចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដែលធ្វើឱ្យអឺរ៉ុបក្លាយជាទីផ្សារធំបំផុត សម្រាប់អង្ករកម្ពុជា ដែលមានចំណែកទីផ្សាររហូតដល់ទៅជាង ៤៣ភាគរយនៃតួលេខអង្ករកម្ពុជា​នាំចេញទៅ​ទីផ្សារអន្តរជាតិ៕

ដោយ ម៉ៅ ចរិយា