ឯកសារ និងកិច្ចព្រមព្រៀងមួយចំនួនរំពឹងថា នឹងចុះហត្ថលេខាក្នុង​ដំណើរទស្សនកិច្ចផ្លូវការ​របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ — ឯកសារ និងកិច្ចព្រមព្រៀងមួយចំនួនរំពឹងថា នឹងត្រូវបានចុះហត្ថលេខាក្នុងដំណើរ​ទ​ស្ស​នកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅចុងសប្ដាហ៍នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ ទៅបំ​ពេ​ញ​​​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន   ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២​​០​​១៩ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី​នៃ​សា​ធារ​ណរដ្ឋប្រជាមានិតចិន។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯក​ឧត្ត​ម​ ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សា​ធា​រណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​ធុរ​កិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបសម្ដែង​ការ​គួរសម​ជា​មួ​យ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន ឯកឧត្តម  លីចាន់ស៊ូ(LiZhanshu) ប្រ​ធា​នគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន ឯកឧត្តម វ៉ាង យ៉ាង (Wang Yang) ប្រធា​ន​សភាប្រឹក្សានយោបាយចិន និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ខឺឈាង (Li Ke​qi​a​n​g​) នាយករដ្ឋមន្រ្តីចិន។ ការជួបពិភាក្សានឹងផ្តោតទៅលើការពង្រឹង និងពង្រីកបន្ថែម​ទៀតនូវ​កិ​ច្ច​​សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រ​យោ​ជន៍នៃប្រជាជាតិទាំងពីរ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ រំពឹងថា​នឹងមានការចុះហត្ថលេ​ខា​លើឯកសារ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ក្រៅពីជំនួប​ខាង​លើ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលការចូល​ជួបសម្តែងការគួរ​ស​​ម​ដាច់ដោយឡែកពីគ្នាដោយ ឯកឧត្តមរដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទីរទំនាក់ទំនង​អន្តរ​ជា​តិ​រប​ស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោកជំទាវ គូ សៀវលៀន ប្រធាន​ស​មា​​គម​មិត្ត​ភាពចិន-កម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចចំនួន៤រូបទៀតពី ធនាគារចិន សាជីវកម្ម​ស្ពា​ន​ថ្ន​ល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុប។

ក្នុងអំឡុងពេល​ស្នា​​ក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញទៅ ទស្សនាការតាំងពិព័រណ៌​ខួប​អនុ​ស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើកទូលាយ» ប្រទេសចិន អញ្ជើញ​ចូលរួម​ជា​អធិបតីក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កម្ពុជា-ចិន ឆ្នាំ២០១៩ និងជួបសំណេះ​សំ​ណា​ល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅ ប្រទេសចិន ផងដែរ៕

ដោយ ជឹម ណារី