សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អញ្ជើញចូលរួមក្នុងពិធី រម្លឹក​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៤០​ នៃ​ទិវា​ជ័យ​ជម្នះ ៧ ​មករា​ នៅខេត្តកោះកុង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ — សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​  បានអញ្ជើញចូលរួមក្នុងពិធីរម្លឹក​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៤០​ នៃ​ទិវា​ជ័យ​ជម្នះ ៧មករា (៧ ​មករា​ ​ ១៩៧៩ ​- ​៧ ​មករា​ ២០១៩​) ​នៅខេត្ត​កោះ​កុង​។

ប្រភពពីក្រសួងការពារជាតិបានឱ្យដឹងថា នៅក្នុងពិធីនេះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​​​ផងដែរពី​សំណាក់​​លោក​ជំទាវ​ មិថុនា ​ភូ​ថង ​អភិបាល នៃគណៈអភិបាល​ខេត្ត​កោះ​កុង​  អភិបាល​រង​ខេត្ត​ រួម​ទាំង​មន្ត្រី​រាជ​ការ​ ​ គ្រប់​ស្ថាប័ន ​ព្រះ​សង្ឃ​ សិស្សា​នុ​សិស្ស​ និង​ប្រជាពល​រដ្ឋ​ យ៉ាងច្រើនកុះករ។ ​ 

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧ​បនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​លើក​ឡើង​ថា​ ថ្ងៃ៧​ មករា​ គឺ​ជា​កំណើត​ទី២​ របស់​ប្រជាជន​កម្ពុជា​ទាំង​មូល ​ដែល​បាន​រំដោះ​ប្រជាជន​ឱ្យ​រួច​ផុត​ពី​របបប្រល័យ​​ពូជ​សាសន៍ ​ប៉ុល ពត​ ​ជា​របប​វាល​ពិឃាដ ​របប​ផ្តាច់​ការ ​ឪពុក​ម្តាយ​មិន​ស្គាល់​កូន​ កូន​មិន​ស្គាល់​ឪពុក​ម្តាយ​ បង​មិន​ស្គាល់​ប្អូន​ ប្អូន​មិន​ស្គាល់​បង​ ដែល​បាន​កាប់​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​។

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បន្ត​ថា​ ទិវា​ជ័យ​ជម្នះ ៧​ មករា ​ជា​ថ្ងៃ​ដែល​កម្លាំង​សាមគ្គី​ជាតិ​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​ទាំង​៣​ មាន​ សម្តេច​អគ្គ​មហា​ធម្មពោ​ធិសាល​ ជា​ ស៊ីម​, សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន​ និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ទើប​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ និង​ប្រជាជន​កម្ពុជា ​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​​«ប៉ុល​ពត​»​ ជា​របប​ខ្មៅ​ងងឹត ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ដល់​ចំណុច​សូន្យ​។​ ហេតុ​ដូច្នេះ​សូម​បង​ប្អូន​ត្រូវ​ចង់​ចាំ​ជា​និច្ច​ យើង​​មាន​ថ្ងៃ​នេះ​ ដោយ​សារ​គុណ​បុណ្យ​ថ្ងៃ​ជ័យ​ជម្នះ​ ៧ ​មករា​ ហើយ​សូម​បង​ប្អូន​កូន​ក្មួយ​ទាំង​អស់​កុំ​ជឿ ​តាម​ការ​ញុះ​ញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ឱ្យ​សោះ​។ ​

សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ថា​ មាន​ថ្ងៃ​ជ័យ​ជម្នះ ​៧ ​មករា​ ទើប​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ​មាន​​ការ​អភិវឌ្ឍជា​និច្ច​ តាំង​ពី​ចំណុច​សូន្យ​មក​ម្ល៉េះ ​ហើយ​ធន​ធាន​មនុស្ស​កាន់​តែ​រីក​​​ធំ​ធាត់ ​មិន​ដូច​របប​ ៣​ឆ្នាំ ​៨​ខែ ​២០​ថ្ងៃ​ឡើយ​៕

ដោយ សាយ សុន (រូបថត៖ក្រសួងការពារជាតិ)