សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវចំនួន៣ថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ — តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា ឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាតរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ គណ:ប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ គណ:ប្រតិភូកងយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដឹកនាំដោយសម្តេចពិជ័យសេនាទៀ បាញ់ នឹងអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នៃ ថ្ងៃបង្កើតកងទ័ព ប្រជាជនឡាវនៅទីក្រុងវៀងចន្ទន៍ នៃសាធាណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

ដោយ សំ សាម៉ន