អាជ្ញាធរខេត្តសៀមរាប​ប្រកាសឱ្យអាជ្ញាធរមូល​ដ្ឋាន​ រក្សាទឹកនៅតាមបឹងបួឱ្យបានល្អ សម្រាប់ប្រើប្រាស់នៅរដូវប្រាំងនេះ

AKP សៀមរាប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ — អាជ្ញាធរខេត្តសៀមរាប​ប្រកាសឱ្យអាជ្ញាធរមូល​ដ្ឋាន​ទាំង​អស់រក្សាទឹកនៅតាម​បឹងបួឱ្យ​បានល្អ​​​ និងត្រៀមបង្ការគ្រប់ពេលក្នុងការជួយសង្គ្រោះដល់ជនងាយរង​គ្រោះដែលនៅនឹង មូលដ្ឋានរបស់ខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលជូនដំណឹងថា អាកាសធាតុនិងក្តៅខ្លាំងក្នុងរដូវ ប្រាំងឆ្នាំនេះ អាចឱ្យមានរាំងស្ងួតផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ដើម្បី ត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយ ជាពិសេសបញ្ហាទឹកស្រោចស្រពកសិកម្ម កាលពីថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៩ លោក​ ង៉ាន់​ ភិរុណ​ អភិបាលរង​ខេត្តសៀមរាប​ បានមានប្រសាសន៍ថា ពេលនេះ​រដូវ​ប្រាំបាន​ឈាន​មក​ដល់​ ហើយប្រជាពលរដ្ឋ​ដែលមាន​ផ្ទៃ​ស្រែនៅ​ផ្នែក​ខាង​ក្រោម​ក៏កំពុងតែធ្វើ​ការ​បង្កបង្កើនផលស្រូវរដូវប្រាំង​ ដែល​ទាមទារទឹកឱ្យបាន​គ្រប់​គ្រាន់សម្រាប់ស្រោចស្រព។ យើងប្រើប្រាស់ទឹកមិនបានត្រឹមត្រូវ គ្មានទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រពទេនោះប្រជាពលរដ្ឋនិងជួបបញ្ហាខ្វះខាត់ទឹក និងធ្វើឱ្យដំណាំពួក ខូចខាតផងដែរ។

ជាមួយនេះលោកអភិបាលរងបានជំរុញឱ្យអភិបាលក្រុង​ ស្រុកទាំងអស់ត្រៀមបង្ការ គ្រប់ពេលក្នុងការជួយសង្គ្រោះដល់ជនងាយរងគ្រោះដែលនៅនឹងមូលដ្ឋានរបស់ខ្លួន​ ជាពិសេសក្នុងរដូវនេះដែលអាចនឹងមានគ្រោះរាំងស្ងួតនៅតាមតំបន់មួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋបាននិងកំពុងបង្កបង្កើនផល។​ ដើម្បីយើងអាចនឹងជួយ អន្តរាគមន៍ពួកគាត់បានទាន់ពេលវេលា យើងត្រូវត្រៀមគ្រប់លក្ខណៈដើម្បីងាយ ស្រួលក្នុងការអន្តរាគមន៍ដល់ពួកគាត់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៩ ​ បានចេញសារាចរណែនាំមួយផងដែរ ឱ្យចាត់វិធានការថែរក្សាទឹកទុក ក្នុងនោះបានណែនាំ ឱ្យធ្វើស្រែប្រាំងតែមួយដង អាស្រ័យដោយអាកាសធាតុក្តៅខ្លាំងក្នុងរដូវប្រាំងឆ្នាំនេះ។ អាស្រ័យដោយកម្ពុជាទទួលរងឥទ្ធិពលបាតុភូត នីណូ បានធ្វើឱ្យរដូវ ប្រាំងឆ្នាំនេះ ជាពិសេសខែមេសា និងឧសភា មានសភាពក្តៅហួត ហែង សីតុណ្ហភាពអតិបរមា រហូតដល់ ៤០-៤២ អង្សាសេ និងមានភ្លៀង កក់ខែតិច។ ជាមួយគ្នានេះរាជរដ្ឋាភិបាល បានណែនាំចំណុចមួយចំនួន ក្នុងនោះរួមមាន កសិករធ្វើស្រែប្រាំងតែមួយដង ប៉ុណ្ណោះដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តា អាងធម្មជាតិមានទឹកនៅក៏ដោយ  គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំណាំរួមផ្សំផ្សេងៗទៀតក្រៅពីស្រូវ។

ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាចាត់ វិធានការ ថែរក្សាទឹកទុក ឱ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរហូត ដល់មានភ្លៀង ធ្លាក់ជាធម្មតាឡើងវិញ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវត្រៀមលក្ខណៈជួយ សង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះធម្មជាតិឱ្យបានទាន់ពេលវេលា៕

ដោយ ឃុត សៅ