គ្រូបង្គោល Cambodia All Star ដាក់គោលដៅជ័យជម្នះទាំងស្រុងក្នុងជំនួប មិត្តភាពអន្តរជាតិជាមួយ SCG Muangthong United​​

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ — បន្ទាប់ពីទទួលបានការតែងតាំងជាផ្លូវការពីឯកឧត្តម នាយ ឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោក ភា សុភ័ក្ត្រា ក្នុងឋានៈជាគ្រូបង្គោល Cambodia All Star បានដាក់គោលដៅជ័យជម្នះ១០០ភាគរយ ដើម្បីប្រជែងនូវលទ្ធផលដ៏ល្អមួយ ជាមួយក្រុម SCG Muangthong United នៅក្នុងជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ភា សុភ័ក្ត្រា ដែលជាគ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិនោះទទួលបាន សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយឱ្យរៀបចំការហ្វឹកហាត់ ដល់ កីឡាករនានា ដែលនឹងត្រូវជ្រើសរើសចេញពីបណ្តាក្លិបនានា ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា និងត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមខ្លាំង Muangthong United ក្នុងក្រប ខ័ណ្ឌលីគកំពូលនៃប្រទេសថៃ។
លោកបន្ថែមថា សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់រួមគ្នារបស់កីឡាករមកពីបណ្តាក្លិបកំពូល នានារបស់កម្ពុជានឹងត្រូវចាប់ផ្តើមនាពេលខាងមុខ ដោយមានកីឡាករជាង២០នាក់ ដើម្បី ត្រៀមប្រកួតជាមួយ Muang- thong United នាល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយ លោករំពឹងថា នឹងមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិរាប់ម៉ឺននាក់។ មុន ពេលជំនួបមិត្តភាពអន្តរជាតិនេះមកដល់ ក្រុម Cambodia All Star នឹងត្រូវរៀបចំការប្រកួត សាកល្បងជាមួយក្រុមចម្រុះអាហ្វ្រិកមួយប្រកួតជាមុន ដើម្បីបង្កើនបច្ចេកទេសដល់កីឡាករ ចម្រុះកម្ពុជាឱ្យកាន់តែល្អប្រសើរផងដែរ។សូមរម្លឹកថា ក្រុម Cambodia All Star កាលពី២លើកកន្លងមក ពោលគឺ កាលឆ្នាំ២០១៧ និង២០១៨ កន្លងទៅ ជាមួយក្រុមខ្លាំងមកពីលីគកំពូលនៃប្រទេសថៃនេះ គឺក្រុមចម្រុះកម្ពុជា នេះទទួលបានលទ្ធផលល្អប្រសើរ ក្រោមការដឹកនាំពីគ្រូ បង្គោល លោក ប្រាក់ សុវណ្ណារ៉ា។ជាមួយគ្នានេះ នៅក្នុង​លិខិតឧទ្ទេសនាម ដែល FFC ​តែង​តាំងនោះ ក៏មានមន្ត្រីចំនួន៦រូប ផ្សេងទៀតដែរ គឺលោក ឈូក ពិសិដ្ឋ ជា​អ្នក​ចាត់​ការទូទៅ, លោក អ៊ុំ សាវង្ស, លោក ហោ សុខហេង, លោក យឿម សារ៉ាន់ ជា គ្រូ​ជំនួយ, លោក ស៊ឹម ម៉េងហៃ ​និង​លោក​​ នី លក្ខណា ជាមន្ត្រីគ្រប់​គ្រង​សម្ភារ៕

ដោយ ហេង ណាលីន