យុវជនកម្ពុជាចំនួន២១រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ –តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន យុវជនកម្ពុជាចំនួន២១រូប នឹងធ្វើដំណើរ​ទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក្រោមកម្ម វិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត​​ និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេស​អាស៊ី ខាងកើត ដែលហៅកាត់ថាJENESYS 2018។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា អ្នកចូលរួមទាំងអស់ត្រូវបានជ្រើសរើសចេញពី​ការ ប្រកួតជ្រើសរើសបេក្ខជនចូលរួមកម្មវិធីផ្លាស់ប្តូរយុវជនJENESYS2018ទៅប្រទេសជប៉ុន ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)។ ជាក់ស្តែង ក្នុងការប្រកួតផ្តាច់ព្រ័ត្រ មានបេក្ខជន សរុបចំនួន៤៨រូប ស្មើនឹង១២ក្រុម បានធ្វើបទបង្ហាញក្រោមប្រធានបទ «អនាគតកម្ពុជា៣០ឆ្នាំក្រោយ» ដោយ គោរពតាមគោលការណ៍ភាពច្នៃប្រឌិត ភាពទាក់ទាញ និងសាមគ្គីភាពក្នុងក្រុម។  

ក្នុងសេចក្ដីប្រកាសបានបន្ដថា សម្រាប់អ្នកចូលរួមទាំង១២រូប នឹងទៅទស្សនកិច្ចនៅ​ទីក្រុងកូម៉ាត្សឹ នៅខេត្តអ៊ីស៊ីកាវ៉ា ដែលជាទីក្រុងត្រូវបានចុះអនុស្សារណៈយោគយល់មិត្តភាព និងសហប្រតិបត្តិការជាមួយខេត្តសៀមរាប កាលពីឆ្នាំ២០១៦។ ជាមួយគ្នានេះដែរ ក្នុងអំឡុង ពេលទស្សនកិច្ចនៅទីក្រុងកូម៉ាត្សឹ យុវជនកម្ពុជាទាំង២១រូប នឹងជួបពិភាក្សាផ្លាស់​ប្តូរ​ជាមួយ នឹងនិស្សិតសាកលវិទ្យាល័យនៅទីនោះ នឹងធ្វើបទបង្ហាញជាក្រុមទាក់ទង​នឹងប្រធានបទ ដែលពួកគាត់បានប្រកួតប្រជែង។ ក្រៅពីនេះ ក៏នឹងចូលជួបសម្តែងការគួរសមជាមួយនឹង អភិបាលក្រុងកូម៉ាត្សឹ ព្រមទាំងទទួលយកបទពិសោធន៍វប្បធម៌ជប៉ុនផងដែរ។

សូមរម្លឹកថា កម្មវិធីJENESYS មានគោលបំណងជំរុញការយល់ដឹង និងការកសាង ទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  និងដើម្បី កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​ តាមរយៈ កម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២.០០០នាក់ហើយ ចាប់តាំងពីឆ្នាំ២០០៧មក។

ស្ថានទូតជប៉ុនសង្ឃឹមថា អ្នកចូលរួម​នឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ី ជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ៕

ដោយ អ៊ុន រិទ្ធី