ក្រសួងព័ត៌មាន បើកកិច្ចប្រជុំក្រុមការងារកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ ដើម្បីពង្រីកការ ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ — ក្រសួងព័ត៌មានបានបើកកិច្ចប្រជុំក្រុមការងារលើកម្មវិធីទូរស័ព្ទដៃវៃឆ្លាតរបស់ក្រសួងព័ត៌មានដែលមានឈ្មោះថា App Ministry of Information ដើម្បីបង្កើននូវកិច្ចសហការគ្នា ពង្រឹង ប្រសិទ្ធភាពការងារ សំដៅការផ្សាយព័ត៌មានឱ្យបានលឿន ឆាប់រហ័ស និងកាន់តែទូលំ ទូលាយ។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ព័ត៌មាន។

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកដឹកនាំក្រុមការងារ រៀបចំApp ក្រសួងព័ត៌មានបានបញ្ជាក់ថា ការបង្កើតAppនេះឡើងក្នុងគោលដៅ ផ្សព្វផ្សាយ ព័ត៌មានពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានទាំង៥ និងមន្ទីរព័ត៌មានរាជធានី ខេត្ដ ស្ថិតក្រោមចំណុះ ក្រសួងព័ត៌មាន។ ឯកឧត្តមបានបន្ដថា ការជួបប្រជុំនេះ គឺដើម្បីឱ្យគ្រប់អគ្គនាយកដ្ឋាន ទាំងអស់ លើកឡើងពីកិច្ចសហការគ្នាជាមួយក្រុមការងារAppរបស់ក្រសួង ដើម្បីពិនិត្យមើល នូវចំណុចខ្វះខាត និងគន្លឹះសំខាន់ៗបន្ថែមទៀត សម្រាប់បំពេញឱ្យបានល្អប្រសើរ។ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការរៀបចំ​​បង្កើតឱ្យមានAppក្រសួងនេះឡើង ដើម្បីផ្ដល់ព័ត៌មានពីគ្រប់បណ្ដាអគ្គនាយកដ្ឋានទាំង៥ រួមទាំងមន្ទីរព័ត៌មានរាជធានី ខេត្ដ ក្នុងការផ្ដល់ព័ត៌មានជូនដល់សាធារណជន ទូទៅឱ្យបាន ដឹងទាន់ពេលវេលា បើទោះបីនៅទីណា កន្លែងណាក៏អាចបើកមើលបាន ខណៈពេលដែល មានអ៊ិនធឺណែត។ ឯកឧត្តមបានលើកឡើងថា នៅពេលដែលAppក្រសួងព័ត៌មានដំណើរ ការបានកាន់តែល្អ មិនមែនគេហទំព័ររបស់អគ្គនាយកដ្ឋានទាំងអស់បោះបង់ចោលនោះ ទេគឺ ត្រូវបន្ដប្រើប្រាស់ទាំងអស់រួមទាំងគេហទំព័រ ឬអាខោនផ្សេងៗទៀត ដើម្បីចូលរួមបំបែក ឱ្យបាននូវរាល់ដំណឹងក្លែងក្លាយ ដែលជាដំណឹងមានចេតនាបំភ័ន្ដការពិត បំផុសឱ្យមានការ ស្អប់ខ្ពើមនៅក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្រ្ដីបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្ដីគ្រប់ថ្នាក់នៃ ក្រសួងព័ត៌មាន ដែលមានអាខោនតាមបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនទាំងអស់ ត្រូវចូល រួមផ្សាយឆ្លើយតបទៅនឹងដំណឹងក្លែងបន្លំទាំងនេះ ដើម្បីកុំឱ្យមានការបំពុលសង្គម និងឆ្លើយ តបទៅនឹងព័ត៌មានមិនពិត។ ឯកឧត្តមបានជំរុញឱ្យក្រុមការងារAppក្រសួងព័ត៌មានក៏ដូចជា អគ្គនាយកដ្ឋានទាំងអស់ រាល់ដំណើរការផ្ដល់ទិន្នន័យព័ត៌មានក៏ដូចជាដំណឹងនានា ត្រូវដាក់ ចូលក្នុងAppនេះ ឱ្យបានឆាប់រហ័ស ដើម្បីផ្សព្វផ្សាយបន្ដចូលទៅក្នុងហ្វេសប៊ុក Twitter, Google , Instagramជាដើម។


សូមបញ្ជាក់ថា Appរបស់ក្រសួងព័ត៌មាននេះ គឺមានការផ្សាយដំណឹងជាភាសាខ្មែរ អង់គ្លេស បារាំង និងភាសាចិន ដោយមានដាក់បញ្ចូលទាំងវីដេអូ និងសំឡេង ព្រមទាំង ឯកសារជាច្រើនទៀតរបស់ជាតិថែមទៀត៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា