ស្ថានទូតជប៉ុន ប្រកាសប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២២នៅកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ — ស្ថានទូតជប៉ុនរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងវិទ្យា ស្ថានភាសាបរទេស(IFL)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំនូវកម្មវិធីប្រឡងប្រជែង ថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២២នៅកម្ពុជា នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលអង្គរ-គីហ្សូណានៃCJCC តាមរយៈការសម្រិតសម្រាំងបេក្ខជនដាក់ពាក្យដែលនឹង​ត្រូវជ្រើសរើសនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។នេះបើយោងតាមការចេញផ្សាយ​របស់ស្ថាន​ទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុន​ត្រូវ បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយការអប់រំភាសាជប៉ុននៅកម្ពុជា និងផ្តល់ឱកាសសម្រាប់អ្នកសិក្សាភាសាជប៉ុន បង្ហាញនូវសមត្ថភាពក្នុងការនិយាយ ភាសា ជប៉ុន។

សម្រាប់ពាក្យសុំចូលរួមប្រឡងប្រជែងចាប់បើកទទួលពីថ្ងៃទី0៤ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅCJCC នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកម៉ោង ៧:៣០-១១:៣០ និងពេលរសៀលម៉ោង១៣:៣០-១៧:០០។ ចំពោះពាក្យសុំ និងសេចក្តី ណែនាំពីការចូលរួមប្រកួត អាចរកបាននៅលើទំព័រហ្វេសប៊ុករបស់CJCC ដែលមាន អាសយដ្ឋាន៖ [https://www.facebook.com/cjcc.fb/photos/a.193791777354300/2144948185571973/?type=3&theater]

ជាមួយគ្នានេះដែរ ស្ថានទូតជប៉ុន នឹងរង់ចាំអ្នកសិក្សាភាសាជប៉ុនជាច្រើនចាប់យក ឱកាសនេះ ដើម្បីបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការនិយាយភាសាជប៉ុន៕

ដោយ អ៊ុន រិទ្ធី