អនុប្រធានសហព័ន្ធចំបាប់សង្ឃឹមឈ្នះមេដាយច្រើន ពីស៊ីហ្គេម នៅនៅហ្វីលីពីន ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ — លោក ខេ ស៊ីបាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់ កម្ពុជាបានបង្ហាញឱ្យ ឃើញ ពីក្តីសង្ឃឹមខ្ពស់ ក្នុងការដណ្តើមបានមេដាយច្រើនជាងគេពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩នេះ ក្នុងចំណោមប្រភេទកីឡានានា ដែលកម្ពុជា គ្រោង នឹងបញ្ជូនទៅចូលរួម។ អនុប្រធានសហព័ន្ធកីឡាចំបាប់សញ្ជាតិអាម៉េរិករូបនេះបញ្ជាក់យ៉ាងដូច្នេះ នៅក្នុង ឱកាសដែលលោក បានជួបសំណេះសំណាលជាមួយអត្តពលិកកីឡា ចំបាប់មកពីសាកល វិទ្យាល័យ HANAM នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធម្សិលមិញ។

លោកបន្ថែមថា អ្វីដែលធ្វើឱ្យលោកហ៊ានអះអាងយ៉ាងដូច្នេះ ក៏ព្រោះតែសហព័ន្ធ ជំនាញមួយនេះ បានត្រៀមលក្ខណៈយ៉ាងល្អប្រសើរ ទោះបីសហព័ន្ធនេះបានខកខាន មិនបានចូលរួមព្រឹត្តិការណ៍កម្រិតតំបន់នេះ ២លើករួចមកហើយក្តី។ ប៉ុន្តែការត្រៀមខ្លួនរបស់អត្តពលិកចំបាប់នៅតែបន្តការខិតខំហ្វឹកហាត់បង្កើន សមត្ថភាព ជានិច្ច។ លោកតែងតែអញ្ជើញក្រុមអត្តពលិកកីឡាចំបាប់មកពីប្រទេសខ្លាំងៗ ដូចជាប្រទេស កូរ៉េខាងត្បូងនេះជាដើម ដើម្បីឱ្យអត្តពលិកកីឡាចំបាប់កម្ពុជារៀនសូត្រ និងក្រេបជញ្ជក់ យកចំណេះដឹងបច្ចេក ទេសល្អៗមកកែប្រែអនុវត្តន៍ពង្រឹងសមត្ថភាពត្រៀម ប្រជែងដណ្តើមមេដាយជូនជាតិរបស់ខ្លួន។

លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាបញ្ជាក់ដែរថា អត្តពលិកចំបាប់ មកពីកូរ៉េខាងត្បូងនេះមកស្នាក់នៅនិងហ្វឹកហាត់រួមគ្នាផ្តល់បទពិសោធន៍ ជាមួយកីឡាការិនីកីឡាចំបាប់ កម្ពុជារយៈពេល១សប្តាហ៍។ ហើយអត្តពលិក កូរ៉េទាំង៩នាក់នេះ គឺជានិស្សិតរបស់សាកលវិទ្យាល័យHANAM ដែលជាសាកលវិទ្យាល័យ ជាប់លេខ១ផ្នែកកីឡាចំបាប់នៅកូរ៉េខាងត្បូង។

តាមរយៈការហ្វឹកហាត់រួមគ្នានេះ លោកជឿជាក់ថា អត្តពលិកកម្ពុជា នឹងអាចទទួលបានចំណេះដឹង បច្ចេកទេសល្អៗបានច្រើន ពីព្រោះថាពួកគេទាំងអស់សុទ្ធសឹង ជាអត្តពលិកឆ្នើមរបស់សកលវិទ្យាល័យ HANAM ដែលធ្លាប់ប្រជែងបានមេដាយពីការ ប្រកួតកម្រិតអន្តរជាតិធំៗមកជូនរបស់ខ្លួនជាញឹកញាប់ផងដែរ៕

ដោយ ហេង ណាលីន