ការប្រកួតជើងឯកកុមារតូយ៉ូតាកម្ពុជាឈានដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ — ការប្រកួតកីឡាបាល់ទាត់ជើងឯកកុមារតូយ៉ូតាកម្ពុជា សម្រាប់ឆ្នាំ២០១៨ នឹងឈាន ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅសាលា American University Of Phnom Penh រាជធានីភ្នំពេញ និងវគ្គផ្តាច់ព័ត្រគ្រោង នឹងធ្វើឡើងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅ ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ដោយមានការអញ្ជើញ ផ្តល់កិត្តិយសពី លោកឧកញ៉ា គង់ នួន នាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា។លោក លី ប៊ុនហៃ នាយកផ្នែកលក់របស់ក្រុមហ៊ុន Toyota បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍កីឡា បាល់ទាត់កុមារនេះ គឺក្រុមហ៊ុនបានចំណាយច្រើនពីមួយ ឆ្នាំទៅមួយឆ្នាំ ប៉ុន្តែក្រុមហ៊ុននៅតែបន្តរៀបចំ ព្រោះចង់ឱ្យកុមារកម្ពុជាទទួលបានឱកាស ស្មើៗគ្នាក្នុងការបង្ហាញសមត្ថភាព បន្ទាប់ពីពួកគេទទួលបានការណែនាំពីអ្នកជំនាញបាល់ ទាត់របស់ក្រុមការងាររៀបចំ ក៏ដូចជាគោលដៅរួមចំណែកការអភិវឌ្ឍវិស័យ កីឡាបាល់ទាត់ជាថ្នាលរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ។

លោកបន្ថែមថា នៅឆ្នាំក្រោយព្រឹត្តិការណ៍នេះ នឹងនៅតែបន្តរៀបចំ ដើម្បីបន្តផ្ដល់ឱកាសឱ្យក្មេងៗកម្ពុជាទទួលបានឱកាសមួយនេះ។ រហូតមកដល់ ពេលនេះលោកមិនអាចបញ្ជាក់បានថា កុមារកម្ពុជាប៉ុន្មាននាក់ដែលឆ្លងកាត់ ការចូលរួមនេះហើយ ទទួលបានជោគជ័យ នឹងអាចក្លាយខ្លួនជាកីឡាករអាជីពបានទេ ពីព្រោះក្រុមកុមារដែលបានចូលរួមកន្លងមកសុទ្ធតែកំពុងសិក្សា។

ប៉ុន្តែយ៉ាងណាលោកសង្ឃឹមថា ការបង្កើតព្រឹត្តិការណ៍នេះជាចំណែកមួយក្នុង ការបណ្ដុះក្មេងៗឱ្យមានចិត្តស្រលាញ់កីឡា ពិសេសគឺកីឡាបាល់ទាត់ ដែលកំពុងមានភាពផុលផុស។

សូមបញ្ជាក់ថា ការប្រកួតនេះត្រូវបានបង្កើតឡើងដំបូង កាលពីឆ្នាំ២០១៥។ នៅឆ្នាំនេះទាក់ទាញ បានការចូលរួមកាន់តែច្រើន ដោយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្នាំនេះនឹងមានសាលាចូលរួមចំនួន២៤ ដោយដែលត្រូវធ្វើការប្រកួតបែងចែកជា ៤ពូល ដើម្បីប្រកួតជម្រុះស្វែងរក១២ក្រុមឡើងទៅប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ៕

ដោយ ហេង ណាលីន