ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារ វិស័យអប់រំឆ្នាំ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិ បាលខេត្ត បានអញ្ជើញជាអធិបតីក្នុង ពិធីបើកសន្និបាតបូកសរុបការងារវិស័យអប់រំឆ្នាំ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ នៅ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា គិតមកដល់ បច្ចុប្បន្ននេះ វិស័យអប់រំក្នុងខេត្តក្រចេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព អាស្រ័យដោយមានការគាំទ្រពីអាជ្ញាធរ និងការចូលរួមពីសហគមន៍ជាតិ និងអន្តរជាតិ សប្បុរសជន និងអង្គការដៃគូ អភិវឌ្ឍន៍នានា ក្រោមនយោបាយ ចែករំលែករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នេះទូទាំងខេត្តមានសាលាមត្តេយ្យរដ្ឋ ៩០ កន្លែង សាលាមត្តេយ្យឯកជន ០៤ កន្លែង សាលាមត្តេយ្យសហគមន៍ ១០៥កន្លែង។  មានការអប់រំតាមផ្ទះ១៩១ភូមិ សាលាបឋម សិក្សា ២៧៤ កន្លែង អនុវិទ្យាល័យ ៤៣ កន្លែង វិទ្យាល័យ ១១ កន្លែង និងសាលាគរុកោសល្យ ០១ កន្លែង។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងថា  លទ្ធផលដែលសម្រេចបានទាំងនេះ គឺឆ្លុះបញ្ចាំងនូវការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ការលើកស្ទួយវិស័យអប់រំគ្រប់កម្រិត និងការកែ លម្អសេវាសាធារណៈ ជូនប្រជាជនឱ្យកាន់តែប្រសើរឡើង។

ឯកឧត្ដមអភិបាលខេត្តបានបន្តថា បច្ចុប្បន្ន យើងបានធ្វើឱ្យមានការប្រែ ប្រួលរីកចម្រើនថ្មីៗជាច្រើនក្នុងវិស័យអប់រំ ដែលយើងអាចឃើញតាមរយៈការកសាង និងការអភិវឌ្ឍសាលារៀន នៅគ្រប់ភូមិសិក្សា។ ជាក់ស្តែងក្នុងឆ្នាំ ២០១៧-២០១៨ កន្លងទៅនេះ ចំនួនសាលារៀន និងចំនួនសិស្ស គឺពិតជាបានកើនឡើងដល់កម្រិត មួយគួរឱ្យមានមោទនភាពណាស់។

ឯកឧត្តមបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏តែងតែរម្លឹកជារឿយៗផងដែរថា  រាជរដ្ឋាភិបាលបាន និងកំពុងតែព្យាយាមធ្វើឱ្យទីតាំងសាលារៀន បានទៅខិតជិត កន្លែងរស់នៅរបស់ប្រជាជនគ្រប់ច្រកល្ហកពាសពេញផ្ទៃប្រទេស ពោលគឺ ភូមិ១មាន សាលាបឋមយ៉ាងតិច១កន្លែង ១ឃុំមានអនុវិទ្យាល័យ១កន្លែង ស្រុក១ មានវិទ្យាល័យ១កន្លែង និងខេត្ត១ មានសាកលវិទ្យាល័យ១កន្លែង សំដៅធ្វើយ៉ាងណាឱ្យប្រជា ជនកម្ពុជាគ្រប់ស្រទាប់ ដែលរស់នៅតាមជនបទ ទីប្រជុំជន និងទីក្រុងបានចូលរៀនគ្រប់ៗគ្នា និងលើកទឹកចិត្តឱ្យ មានសមភាពយេនឌ័រក្នុងការសិក្សា។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែងសម្រេចទិស ដៅ “ អប់រំសម្រាប់ឆ្នាំ ២០៣០ ” តាមរយៈការ ធានាសមធម៌ក្នុងការអប់រំមូលដ្ឋានរយៈពេល ៩ ឆ្នាំសម្រាប់កុមារគ្រប់រូបនិងបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឱ្យកូនចៅ ប្រជាពលរដ្ឋ ក្រីក្រមានលទ្ធភាពចូលសិក្សា ជាពិសេសគឺការពង្រឹង និងពង្រីកគ្រឹះស្ថានសិក្សា សាធារណៈ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និង និសិ្សតក្រីក្ររៀនពូកែ ទៀតផង៕

ដោយ  ជួន សុជាតិ