រដ្ឋបាលខេត្តកែប នឹងបង្កើតមជ្ឈមណ្ឌលកែប្រែបន្សាបគ្រឿងញៀន នៅពេលខាងមុខនេះ

AKP កែប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តកែប ត្រូវតែមានមជ្ឈមណ្ឌលកែប្រែបន្សាបគ្រឿងញៀន នាពេល អនាគត។  នេះបើជាការលើកឡើងរបស់បាលខេត្តកែប ឯកឧត្តម កែន សត្ថា ក្នុងដំណើរស្វែង រកទីតាំងសម្រាប់ត្រៀមបង្កើតមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ត្រង់ចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកស្រីអភិបាលស្រុក លោកប្រធាន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានការិយាល័យភូមិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា អំឡុងពេលនេះរដ្ឋបាលខេត្តនិងជំនាញ បាននិងកំពុងចុះពិនិត្យរកមើលទីតាំងមួយដ៏ជាក់លាក់សម្រាប់សាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅពេលខាងមុខនេះ។

បន្ទាប់ពីរដ្ឋបាលខេត្តកែប មានគម្រោងបង្កើតមជ្ឈមណ្ឌលកែប្រែ បន្សាបគ្រឿង ញៀននោះមក មហាជន ពិសេសប្រជាពលរដ្ឋក្នុងតំបន់មានការរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ហើយក៏បានចាត់ទុកគម្រោងនេះ ជាសមិទ្ធផលមួយថ្មីសន្លាង ដែលខេត្តកែបមិនធ្លាប់មានពីមុនមក។ មហាជនក៏បានលើកឡើងផងដែរថា កន្លងមករហូត ដល់បច្ចុប្បន្ន ខេត្តកែបក៏មិនទាន់បានបង្កើតស្ថាប័នតុលាការ ហើយក៏មិនទាន់មានបង្កើតពន្ធនាគារនៅឡើយដែរ។ យ៉ាងណាមិញការបង្កើតឱ្យមាន មជ្ឈមណ្ឌលកែប្រែបន្សាបគ្រឿងញៀននៅខេត្តកែប គឺជួយសម្រួលដល់ការផ្តល់សេវាថែ ទាំសុខភាពដល់អ្នករងគ្រោះដោយសារគ្រឿងញៀនគ្រប់ប្រភេទ។

សូមបញ្ជាក់ថា​ បើតាមការលើកឡើងពីសំណាក់ លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ បានឱ្យដឹងថា ខណៈនេះរដ្ឋបាលដែនដី បាន និងកំពុងស្វះស្វែង រកទីតាំងមួយដ៏ជាក់លាក់ស្ថិតក្នុងដីរបស់សហគមន៍ ត្រង់ចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប៕

ដោយ ប្រាក់ លាង