រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ចាត់ទុករថយន្ដពិសោធន៍ចល័តពិតជាមាននូវសារៈសំខាន់​ក្នុងការ ផ្ដល់នូវទំនុកចិត្ត និងធានាសុវត្ថិភាពម្អូបអាហារជូនប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានចាត់ទុករថយន្ដពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ពិតជាមានសារៈសំខាន់បំផុត ក្នុងការផ្ដល់នូវទំនុកចិត្ដ និងធានាសុវត្ថិភាពម្ហូបអាហារ ជូន ដល់ប្រជាពលរដ្ឋ។

ក្នុងពិធីប្រគល់ និងទទួលរថយន្ដពិសោធន៍ចល័តដល់អគ្គនាយកដ្ឋានកាំកុងត្រូលកាល ពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា រថយន្ដពិសោធន៍ចល័តនេះ នឹងចុះពិនិត្យមើល​នូវសុវត្ថិភាពម្ហូបអាហារ ដែលផ្ដល់នូវសារៈសំខាន់ក្នុងការចូលរួមធានានូវសុខុមាលភាព ជូន​ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្តមបានបន្ដថា រហូតមកដល់ពេលនេះ រថយន្ដ​ពិសោធន៍ចល័យ គឺសរុបមានចំនួន៣គ្រឿងហើយ ដែលរថយន្ដពិសោធន៍ចល័តផ្នែក​ម្ហូប​អាហារមានចំនួនពីរគ្រឿង និង១គ្រឿងទៀតសម្រាប់ពិសោធន៍ប្រេងឥន្ធនៈ ដែលរថយន្ដ​ទាំងបីគ្រឿងនេះ បានធ្វើសកម្មភាពចុះពិនិត្យម្ហូបអាហារ និងប្រេងឥន្ធនៈ នៅទូទាំងប្រទេស ដែលបានទទួលការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមថា ក្រៅពីមន្ទីរ ពិសោធន៍តាមរថយន្ដ​ចល័តនេះ ក៏មានមន្ទីរពិសោធន៍ខ្នាតតូចនៅតាមព្រំដែនអន្ដរជាតិ ដូច ជាតាមព្រំដែនបាវិត ក្រុងព្រះសីហនុ និងព្រំដែនប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យជាដើម ដែលក្រសួងពាណិជ្ជកម្មក៏ដូចជាអគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្ដខិតខំពង្រីកមន្ទីរ ពិសោធន៍ខ្នាតតូចនេះ ឱ្យបានច្រើនថែមទៀត ក្នុងគោលដៅស្វែងរកទំនិញ ឬផលិតផលមួយ ចំនួនដែលអាចមានហានិភ័យ បាននាំចូលតាមច្រកទ្វារអន្ដរជាតិ។ ឯកឧត្តមរដ្ឋមន្រ្ដីបាន​អះអាងថា មន្ទីរពិសោធន៍ខ្នាតតូចនេះ គឺអាចធ្វើការពិសោធន៍ភ្លាមៗបានទាក់ទងនឹង​ផលិត​ផល ឬទំនិញដែលសង្ស័យថាមានហានិភ័យខ្ពស់ ឬផ្ទុកនូវសារធាតុគីមីហាមឃាត់ គឺអាចផ្ញើ មក​ធ្វើការវិភាគមន្ទីរពិសោធន៍ខ្នាតធំនៅក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំកសាងច្បាប់ស្ដីពីការគ្រប់គ្រង សុវត្ថិភាព ម្ហូបអាហារ ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីភាពប្រកួតប្រជែងឱ្យមានសម ភាព ដែលនឹងខិតខំប្រឹងប្រែងធ្វើឱ្យបានចប់រួចរាល់នៅក្នុងឆ្នាំ២០១៩នេះ ដើម្បី ធ្វើដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ ពីព្រោះនេះ គឺជាកិច្ចការមួយដែលសំខាន់ និងជាបន្ទាន់ដែលប្រមុខរាជរដ្ឋាភិ បាលបានគាំទ្រ និងជំរុញឱ្យច្បាប់ទាំងបីនេះ ចេញឱ្យបានឆាប់។ ទន្ទឹមនេះ នៅពេលដែល ច្បាប់​ទាំងបីនេះចេញរួចហើយ ដើម្បីផ្ដល់សិទ្ធិ និងសមត្ថកិច្ចរបស់កាំកុងត្រូល ក្នុងការអនុវត្ដ ភារកិច្ច និងតួនាទីការពារដល់អ្នកប្រើប្រាស់ ធានាសុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង ក្នុងវិស័យពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជួយការពារដល់ពាណិជ្ជករ និងអ្នក វិនិយោគិនក្នុងស្រុក និងក្រៅស្រុក ដែលកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា ៕

ដោយ អ៊ុន រិទ្ធី