កិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអឺរ៉ុប គ្រោងនឹងធ្វើឡើងនៅចុងខែកុម្ភៈខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៧ខែមករា ឆ្នាំ២០៩ — រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងសហភាពអឺរ៉ុប និងដៃគូអឺរ៉ុប ប្រចាំកម្ពុជាបានជួបពិភាក្សាគ្នាកាលពីពេលថ្មីៗនេះ ដើម្បីត្រៀមសម្រាប់ពិភាក្សាក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។ ការកំណត់យកពេលបើក​កិច្ចប្រជុំពិគ្រោះយោបល់នៅចុង ខែកុម្ភៈខាងមុខនេះ បន្ទាប់ពីតំណាងដៃគូអឺរ៉ុប បានឱ្យដឹងថា សេចក្តីព្រាងរបាយការ​ណ៍ត្រួត​ពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រនេះ នឹងត្រូវបញ្ចប់នាចុងខែមករានេះ។សូមរម្លឹកថា ក្នុងជំនួបរវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី​ទទួលបន្ទុកជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងសហភាពអឺរ៉ុប និងដៃគូអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយ លោក Franck Viault ប្រធានទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុប ប្រចាំ កម្ពុជានៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។  សម្រាប់ គោលដៅចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ទ្វេភាគី លើសេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តរួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ២០១៤-២០១៨ និងផ្លាស់ប្តូរយោបល់លើទិស ដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ភាគីទាំងពីក៏បានបញ្ជាក់ថា របាយការណ៍ត្រួត ពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្ររបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ២០១៤-២០១៨ជារបាយការណ៍លើកទី២ បន្ទាប់ពីរបាយការណ៍លើកទី១ ដែលត្រូវ បានរៀបចំឡើងកាលពីខែឧសភា២០១៦។ របាយការណ៍លើកទី២នេះ នឹងសិក្សាអំពីវឌ្ឍន ភាពលើវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអឺរ៉ុប កិច្ច សហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិល និងផ្តល់ជាអនុសាសន៍សម្រាប់កិច្ចសហប្រតិ បត្តិការ នាពេលអនាគត។ តំណាងដៃគូអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ល្អប្រសើរ ដែលសម្រេចបានក្នុងការអនុវត្តយុទ្ធសាស្ត្ររួមនេះ និងកិច្ចសហប្រតិបត្តិការកន្លងមក។

ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការ គាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនិងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរាជរដ្ឋាភិ បាលកម្ពុជា និងដៃគូអឺរ៉ុប។ ឯកឧត្តម បានជម្រាបជូនតំណាងសហភាពអឺរ៉ុបថា រាជរដ្ឋាភិ បាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងយន្តការសម្របសម្រួលសំខាន់ជាច្រើន ដើម្បី ពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្រប់តួអង្គអភិវឌ្ឍន៍ពាក់ព័ន្ធ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ២០១៩-២០២៣ កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០១៩។ ទន្ទឹមនេះ ភាគី​ទាំងពីរ ក៏បានពិភាក្សាលើអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត​ដោយបាន ឯកភាព បន្តផ្តោតកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដែលមានស្រាប់ និងសម្រួចការ គាំទ្រលើវិស័យអាទិភាពនីមួយៗទៅតាមតម្រូវការជាក់ស្តែង និងបរិការណ៍កម្ពុជា ដូចមាន ចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

សូមបញ្ជាក់ថា យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ កម្ពុជាឆ្នាំ២០១៤-២០១៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ហើយត្រូវបានឯកភាពបន្តសុពលភាពអនុវត្តន៍រហូតដល់ចុងឆ្នាំ២០១៩ដោយផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៤គឺទី១.វិស័យសង្គមកិច្ច ទី២.វិស័យសេដ្ឋកិច្ច ទី៣. វិស័យហេដ្ឋារចនា​សម្ព័ន្ធ និងទី៤.វិស័យអភិបាលកិច្ច និងអន្តរវិស័យ និងមានហិរញ្ញប្បទានសហប្រតិបត្តិការ សរុបប្រមាណ១ ០២៥លានអឺរ៉ូ៕

ដោយ គង់ សិរីរ័ត្ន