ស្នងការដ្ឋាននគរបាលខេត្តកែប បានប្រារព្ធពិធីបិទសិក្ខាសាលាស្តីពី “សុខភាពនគរបាល”

AKP កែប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តកែប បានប្រារព្ធ ពិធីបិទសិក្ខាសាលាស្តីពី “សុខភាពនគរបាល” ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សម តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ ជំនាញពាក់ព័ន្ធ នាយនគរបាលតាមបណ្តាផែនជំនាញ ចំណុះស្នង ការដ្ឋាននគរបាលខេត្ត និងតាមបណ្តាអធិការដ្ឋាននគរបាល ក្រុង ស្រុកទាំង២ និងប៉ុស្តិ៍ រដ្ឋបាលទាំង៥សរុបចំនួន ៩២នាក់។

នាយឧត្តមសេនីយ៍ សម តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ បានមានប្រសាសន៍ពីគោលបំណងនៃអង្គសិក្ខាសាលា គឺផ្តោតទៅលើការយកចិត្តទុកដាក់ ចំពោះការអប់រំសុខភាពមន្ត្រីនគរបាលជាតិទាំងអស់ និងផ្តល់ជាចំណេះដឹងក្នុង កម្រិតបឋម ស្តីពីការប្រឈម នៃប្រភេទជំងឺចំពោះមុខមួយចំនួន ដែលអាចនឹងកើត មានឡើងពីផល ប៉ះពាល់ជាយថាហេតុទៅដល់រាងកាយរបស់កងកម្លាំង។ ក្រៅពីនេះ និងផ្តល់ជាវិធី សាស្រ្តល្អៗដល់កងកម្លាំងរបស់យើងដែលកំពុងបំពេញតួនាទី ភារកិច្ចក្នុងការការ ពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជននៅតាមមូលដ្ឋាន និងនៅតាមអង្គភាពរៀងៗខ្លួន។

នាយឧត្តមសេនីយ៍ សម តារា បានបញ្ជាក់ទៀតថា ចំពោះកងកម្លាំងនគរបាលទាំង អស់ត្រូវបង្កើនការយល់ដឹង ស្តីពីការងារថែទាំសុខភាពផ្ទាល់ខ្លួននិងមានការអភិវឌ្ឍផ្នែកគំនិត ស្តីពីទំនាក់ទំនងរវាងវេជ្ជសាស្រ្ត សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃឱ្យមានសុខភាព សុភមង្គល និងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ មានសតិនិងស្មារតីពេញលេញដើម្បី ចូលរួមអនុវត្តន៍ភារកិច្ចស្នូលរបស់ខ្លួនក្នុងនាមជាកងកម្លាំងនគរបាលជាតិ៕

ដោយ ប្រាក់ លាង