នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរបង្ហាញការរកឃើញទឹកធ្លាក់ថ្មី

AKP មណ្ឌលគិរី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ -ទេសភាពទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតដែលសំងំលាក់ខ្លួន​នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ កំពុងទាក់ទាញអារម្មណ៍អ្នកស្រឡាញ់បរិស្ថានធម្មជាតិចូលទៅកម្សាន្តទីនោះ។

លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ​សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នេះថា ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតនេះត្រូវបានគេហៅឈ្មោះថា «ទឹកធ្លាក់អូររនៀល» ឋិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ។

លោកនាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរបានឱ្យដឹងទៀតថា ទឹកធ្លាក់នេះមានចម្ងាយប្រមាណជា ២៥គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ បើធ្វើដំណើរទៅកាន់ទីនោះទាល់តែតមមធ្យោបាយម៉ូតូ និង ដើរដោយថ្មើរជើង មានចម្ងាយសរុបប្រមាណជា ១០គីឡូម៉ែត្រទៀតទើបទៅដល់ចំណុចទឹកធ្លាក់នេះ។

លោកនាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បញ្ជាក់ថា ទឹកធ្លាក់នេះ មន្រ្តីឧទ្យានុរក្សបានដើរល្បាតរកឃើញនៅចុងឆ្នាំ២០១៨ ដែលជាតំបន់ទេសភាពដ៏ស្រស់ស្អាតគួរឱ្យចង់គយគន់ និងជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ ៕

ដោយណយ នឿន (ប្រភពមន្ទីរបរិស្ថានខេត្ត)