ឧបាសិកា សុខ ឈាង ផ្តល់អគារសិក្សាថ្មី ១ខ្នង មាន៣បន្ទប់ នៅទីកន្លែងកំណើតក្នុងសាលាបឋមសិក្សា តាព័រ

AKP កំពង់ចាម ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ -អាគារសិក្សាថ្មី ១ខ្នង មាន៣បន្ទប់ ជាអំណោយរបស់ឧបាសិកា សុខ ឈាង ជាម្តាយបង្កើតរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្តល់ជូនសាលាបឋមសិក្សា តាព័រ ស្ថិតក្នុងភូមិតាព័រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ជាស្រុកកំណើតផ្ទាល់របស់ឯកឧត្តមត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឆួន ហុក សមាជិកក្រុមប្រឹក្សាខេត្ត ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ទីតាំងភូមិតាព័រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្រុកកំណើតរបស់ឯកឧត្តមផ្ទាល់ ។ អនុស្សាវរីយ៍ដ៏ជូរចត់ឈឺចាប់មិនអាចបំភ្លេចបានឡើយទីនេះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដោយក្នុងភូមិតាព័រ១ ឃុំពង្រក្រោមនេះ គឺឪពុកបង្កើតរបស់ឯកឧត្តម ត្រូវបានពួកខ្មែរក្រហមបានយកទៅសម្លាប់ចោល ទុកឱ្យម្តាយរស់នៅជាស្រីមេមាយក្នុងការចិញ្ចឹមកូនចៅ ហើយប្រជាជនទូទាំងប្រទេស ក៏ត្រូវពួករបបអាវខ្មៅនេះយកទៅសម្លាប់ចោលប្រមាណជា ៣លាននាក់ផងដែរ។

ឯកឧត្តមបានបន្តទៀតថា ៤១ឆ្នាំមុនទីនេះជាកន្លែងដែលឈឺចាប់ ដិតដាម មិនអាចបំភ្លេចបាន។ ក្រោយប្រទេសជាតិបានរំដោះទីនេះ ជួបការលំបាកខ្លាំងក្នុងនាមជាម្តាយជាស្រីមេមាយបានពុះគ្រប់ការលំបាកក្នុងការចិញ្ចឹមកូនឱ្យបានសិក្សារៀនសូត្ររហូតដល់កូនមានកិត្តិយសដល់សព្វថ្ងៃនេះក្នុងការបម្រើជាតិនេះ។

ឯកឧត្តម គួច ចំរើន បានលើកឡើថា ទីនេះជាកន្លែងដែលមិនអាចបំភ្លេចបានឡើយ។ក្រោយថ្ងៃដែលប្រទេសជាតិបានរំដោះទីនេះគ្មានសាលារៀនដូចនៅទូទាំងប្រទេសដែរ ត្រូវពួកប៉ុលពតបំផ្លាញអស់ទាំងសាលារៀន វត្តអារាមជាដើម សូម្បីឯកឧត្តមចូលរៀនដំបូងមិនស្គាល់នូវពាក្យក្តារឆ្នួនផង ដល់ពេលគេយកក្តារមកកាត់ខ្លីៗហៅថាក្តារឆ្នួនទើបស្គាល់ពីពេលនោះមក។ ដោយមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍នៃស្រុកកំណើតម្តាយបង្កើតរបស់ឯក  ឧត្តមព្រមទាំងកូនចៅរួមគ្នាផ្តល់អគារសិក្សាមួយខ្នង មាន៣បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះទុកជាចំណងដៃដល់បងប្អូនក្នុងស្រុកកំណើតដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ​ ក្នុងការជួយលើកកម្ពស់វិស័យអប់រំឱ្យកាន់តែរីកចម្រើនផងដែរក្រេបយកចំណេះដឹងដើម្បីបម្រើប្រទេសជាតិហើយយើងមានអគារសិក្សាថ្មីមួយទៀត បន្ថែមពីលើអគារសិក្សាផ្សេងទៀតសម្រាប់បម្រើកូនចៅបានសិក្សារៀនសូត្រ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ទៀតថា សព្វថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាយើង មានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ប្រជាពលរដ្ឋ រស់នៅក្រោមដំបូលសុខសន្តិភាព។ ដូចនេះចូលបងប្អូនយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនិងសមិទ្ធផលទាំងនេះឱ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយរបស់យើងទទួលបានសមិទ្ធផល ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍប្រទេស និងសង្គមជាតិយើង៕

ដោយលោក ឆាយ ម៉ុត