អាជ្ញាធរជាតិអប្សរាផ្តល់ថវិកាបដិភាគសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

AKP សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — អាជ្ញាធរជាតិអប្សរាបានផ្តល់ថវិកាបដិភាគ ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលចង់បានបង្គន់អនាម័យ តែខ្វះលទ្ធភាពដើម្បីសាងសង់ ហើយថវិកាបដិភាគនៃការផ្តល់ជូននេះគឺគិតទៅតាមលូបង្គន់ដែលប្រជាពលរដ្ឋចង់បាន។នៅក្នុងការជួបផ្តល់ព័ត៌មាននៅក្នុងការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងទឹករបស់ អាជ្ញាធរជាតិអប្សរាកាលពីព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ លោក ឡៃ ប៉ូទី មន្រ្តីបច្ចេកទេសបានឱ្យដឹងថា ការផ្តល់ថវិកាបដិភាគជូនដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរទាំងអស់ សម្រាប់សាងសង់បង្គន់ អនាម័យនេះគឺជាការអនុវត្តគម្រោងប៉ាជឺរ៉ា (PAAJERA) ដែលជាកិច្ចសហការរវាងអាជ្ញាធរ ជាតិអប្សរានិងរដ្ឋាភិបាលបារាំង ដែលបានចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ២០១៨មកម៉្លេះ ហើយ ដែលរហូតមកដល់បច្ចុប្បន្ន តាមរយៈគម្រោងនេះថវិកាបដិភាគបានសង់បង្គន់អនាម័យបាន ចំនួន៣០០បង្គន់រួចហើយ ហើយចំនួននេះនឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។

លោក ឡៃ ប៉ូទី បានឱ្យដឹងបន្ថែមថា គម្រោងនេះបានសម្រួលដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្សត់ខ្សោយឱ្យមានបង្គន់អនាម័យប្រើប្រាស់ ដែលជាតម្រូវការចាំបាច់ ក្នុងការរស់នៅ។ តាមរយៈគម្រោងនេះ ពលរដ្ឋអាចជ្រើសរើសបង្គន់អនាម័យចំនួន៣ប្រភេទ គឺបង្គន់ដែលមានរណ្ដៅចាប់ពី១រណ្ដៅដល់៣រណ្ដៅ ដែលមានជម្រៅលូ៣កង់ ដោយអាជ្ញាធរជាតិអប្សរា តាមរយៈគម្រោងប៉ាជីរ៉ា(PAAJERA) បានផ្តល់ថវិកាបដិភាគ ចំនួន៤០ភាគរយសម្រាប់បង្គន់១រណ្តៅ  ថវិកាបដិភាគចំនួន៣០ភាគរយ សម្រាប់បង្គន់២រណ្តៅ និងថវិកាបដិភាគចំនួន២០ភាគរយសម្រាប់បង្គន់៣រណ្តៅ។

អ្នកស្រី អិច ទ្រប់ អ្នកភូមិរហាលសង្កាត់នគរធំក្រុងសៀមរាប ដែលទើបនឹងទទួលថវិកាបដិភាគសង់បង្គន់អនាម័យ បានឱ្យដឹងថា អ្នកស្រីរីករាយជាខ្លាំងនៅពេលអាជ្ញាធរ ជាតិអប្សរាបានចូលរួមគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលកន្លងមកអ្នកស្រី ក៏ដូចជាអ្នកភូមិឯទៀតទទួលបានការអប់រំច្រើនពីបញ្ហាអនាម័យនេះ។ ក្នុងនោះដែរអ្នកស្រី សូមថ្លែង អំណរគុណដល់អាជ្ញាធរជាតិអប្សរា តាមរយៈការផ្តល់ថវិកាបដិភាគសង់បង្គន់អនាម័យ ដែលបានជួយសម្រាលជីវភាពគ្រួសារអ្នកស្រីបានមួយកម្រិត។  គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសហគមន៍ ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ គឺជាការងារ អាទិភាពចម្បងមួយក្នុងចំណោមការងារអាទិភាពជាច្រើនផ្សេងទៀត។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗសម្រាប់ជាប្រយោជន៍ផ្ទាល់របស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក និងទ្វារទឹក៕

ដោយ ហង្ស សៀក