មន្ត្រីជំនាញសេដ្ឋកិច្ចអះអាងថា សេដ្ឋកិច្ចកម្ពុជាកាន់តែអាចរស់ដោយខ្លួនឯងបាន តាមរយៈ ការកែទម្រង់ផ្ទៃក្នុង និងធ្វើពាណិជ្ជកម្មអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — មន្ត្រីជំនាញសេដ្ឋកិច្ចជាតិបានអះអាងថា សេដ្ឋកិច្ចកម្ពុជាកាន់តែអាចរស់ដោយខ្លួនឯងបាន តាមរយៈការកែទម្រង់ផ្ទៃក្នុង ពោលគឺកម្ពុជាអាចធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយឈរលើគោល ការណ៍ស្មើភាព និងទីផ្សារ ហើយលែងពឹងផ្អែកទៅលើការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្ម តទៅទៀត។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមាន ប្រសាសន៍ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ កាលពី ថ្ងៃទី១៥ ខែមករាថា កម្ពុជាត្រូវរក្សាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុង រង្វង់៧ភាគរយ ក្នុងបរិការណ៍ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការកើនឡើងនៃភាពប្រកួត ប្រជែង និងពិពិធម្មមូលដ្ឋានសេដ្ឋកិច្ច ដើម្បីបម្រើឱ្យការអភិវឌ្ឍប្រទេសរយៈពេលវែង ជាពិសេសការ ឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានគូសបញ្ជាក់ថា ការលើកកម្ពស់ភាពប្រកួតប្រជែង របស់សេដ្ឋកិច្ចកម្ពុជានៅដំណាក់កាលនេះ គឺជាចំណុចស្លាប់រស់ ព្រោះថាប្រសិនបើសេដ្ឋកិច្ច កម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នោះ ការផ្តល់ ឬមិនផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើពាណិជ្ជកម្ម អន្តរជាតិពីសំណាក់ដៃគូខ្លះរបស់យើង ដូចជា EBA របស់សហគមន៍អឺរ៉ុបជាដើម គឺនឹងមិន បង្កឱ្យមានផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជានោះទេ ទោះបីអាចមានផលប៉ះពាល់ខ្លះក្នុង រយៈពេលខ្លីក្តី។ តែផ្ទុយទៅវិញនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែអាចរស់ដោយខ្លួនឯងបាន តាមរយៈការកែទម្រង់ផ្ទៃក្នុង ពោលគឺកម្ពុជាអាចធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយឈរលើគោល ការណ៍ស្មើភាពនិងទីផ្សារ ហើយលែងពឹងផ្អែកទៅលើការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មតទៅ ទៀត។ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ និងបន្ទាន់ ក្នុងការដោះស្រាយនូវបញ្ហារចនាសម្ព័ន្ធមួយចំនួននៅក្នុងសេដ្ឋកិច្ចជាតិ ដូចជាថ្លៃអគ្គិសនីនៅ ខ្ពស់នៅឡើយធៀបនឹងប្រទេសជិតខាងមួយចំនួន និងភាពមានកម្រិតនៃគុណភាព និងភាព ទុកចិត្តបានក្នុងការផ្គត់ផ្គង់អគ្គិសនី ភាពទន់ខ្សោយនៃប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក កំណើន ទាបនៃផលិតភាពការងារកង្វះកម្លាំងពលកម្មជំនាញ និងថ្លៃនៃការធ្វើធុរកិច្ចនៅខ្ពស់ នៅឡើយ ធៀបនឹងប្រទេសជិតខាងក្នុងតំបន់ រួមទាំងការបន្តមាននៅឡើយនូវកម្រៃក្រៅផ្លូវការ គួបផ្សំ នឹងនីតិវិធីស្មុគស្មាញប្រៀបធៀបនឹងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។ ទន្ទឹមនេះ រាជរដ្ឋាភិ បាលចាំបាច់ត្រូវបន្តពង្រឹងអភិបាលកិច្ច និងការកសាងសមត្ថភាពស្ថាប័ននៅក្នុងវិស័យ សាធារណៈ ដើម្បីកសាងប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលស្អាត់ស្អំ ខ្លាំងពូកែ និងឆ្លាតវៃ។ លើសពីនេះ រាជរដ្ឋាភិបាលត្រូវខិតខំទ្វេដងថែមទៀត ដើម្បីកសាងមូលធនមនុស្សឱ្យបាន ច្រើនថែមទៀតនៅក្នុងសង្គមជាតិយើង ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន នៅក្នុង បរិការណ៍នៃការចូលមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។

សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបា​ន​រៀបចំ​វេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ ដោយមានការ​ចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជន ប្រមាណជាង ៣០០ នាក់៕

ដោយ គង់ សិរីរ័ត្ន