ក្រុមវិសាខា យកឈ្នះម្ចាស់ផ្ទះថៃ MOF CUSTOMS UNITED ក្នុងជំនួបមិត្តភាពអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ — ក្រុមភ្ញៀវវិសាខា របស់កម្ពុជា ដែលជាក្រុមក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាបានយកឈ្នះ ក្រុម​ម្ចាស់ផ្ទះ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌលីគលំដាប់ទី២របស់ប្រទេសថៃ ក្រុម MOF CUSTOMS UNITED ដោយលទ្ធផល ១ទល់០ កាលពីថ្ងៃទី១៥​ ខែមករា ឆ្នាំ២០១៩ នៅកីឡដ្ឋាន CUSTOMS ប្រទេសថៃ នៃព្រឹត្តិការណ៍មិត្តភាពអន្តរជាតិ Pre-Season Tour។ នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំនេះ ក្រុមទាំងពីររក្សាបានលទ្ធផលស្មើគ្នា ០ទល់០ នៅ​វគ្គ​ទី១ ប៉ុន្តែនៅវគ្គទី២ កីឡាកររបស់ក្រុមកីឡាបាល់ទាត់វិសាខាធ្វើសម្រេចបាន១​គ្រាប់យក​ឈ្នះលើក្រុមម្ចាស់ផ្ទះ MOF CUSTOMS UNITED នៅនាទីទី៥៥ ដោយលទ្ធផល១ទល់០នេះ រក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង។ ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នាម្តង កាលពី​សប្តាហ៍មុន ដោយរក្សាបាននូវលទ្ធផលស្មើគ្នា ១ទល់១។

នេះគឺជាប្រកួតទី៤របស់ក្រុមវិសាខាកម្ពុជា នៅក្នុងព្រឹត្តិការណ៍ Pre-Season Tour នៅប្រទេស​ថៃ ដោយឆ្លងកាត់៤ប្រកួត ឈ្នះ៣ប្រកួត និងស្មើ១ប្រកួត ដោយក្រុមលីគកំពូលកម្ពុជាមួយ​នេះ ជួបប្រកួតជាមួយបណ្តាក្រុមនានារបស់ប្រទេសថៃ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌ​លីគ​លំដាប់ទី២ដូចៗគ្នា។

ក្លិបកីឡាបាល់ទាត់វិសាខាត្រូវជួបកម្តៅសាច់ដុំជាមួយក្រុមសមាជិកលីគទី២ របស់ថៃ Air Force United នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ និងបន្តប្រកួត១ប្រកួតទៀតចុង​ក្រោយទៀត មុនវិលត្រឡប់មក កម្ពុជាវិញ នាថ្ងៃ ទី១៨ ខែមករាខាងមុខ។

សូមបញ្ជាក់ថា នេះជាការប្រកួតកម្តៅសាច់ដុំបង្កើនបច្ចេកទេសរបស់កីឡាករវិសាខា ដើម្បីត្រៀមការ ប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី២០១៩ ដែលគ្រោងនឹងដំណើរការ នាអំឡុង​ខែមីនា ឆ្នាំ២០១៩ខាងមុខ៕

ដោយ ហេង ណាលីន