អនុប្រធានសភាឌូម៉ា​ សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំ សមាជិកសភាស្រ្តី APPF នៅកម្ពុជា

AKP សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — អនុប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ីបានកោតសរសើខ្លឹមសារកិច្ចប្រជុំវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF)លើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ​សភា​​កម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្ដសៀមរាប លោកជំទាវ អុលហ្គា យេពីហ្វាណូវ៉ា(Olga Epifanova) អនុប្រធានសភាឌូម៉ា សហព័ន្ធនៃ​សហព័ន្ធរុស្ស៊ីបានថ្លែងអំណរគុណដល់សភាកម្ពុជា ដែលបានជ្រើសរើសលោកជំទាវធ្វើជា សហ​ប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាស្រ្តី APPF ដ៏មានសារៈសំខាន់។ លោកជំទាវបាន ជម្រាបសម្តេចប្រធានរដ្ឋសភាថា ខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តីAPPF គឺមានសារៈ សំខាន់ណាស់ក្នុងការពង្រឹងតួនាទីស្រ្តីក្នុងការចូលរួមចំណែកកសាងសុខសន្តិភាពនៅក្នុង សង្គមជាតិ។ លោកជំទាវបានគូសបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះ គណៈប្រតិភូសភាឌូម៉ាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ក៏បានជួបពិភាក្សាការងារជាមួយសមាជិក ស្រ្តីរដ្ឋសភាកម្ពុជាផងដែរ ដើម្បីពង្រឹកពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ កាន់តែរឹងមាំ ថែមទៀត។ ក្រៅពីនេះ លោកជំទាវបានស្នើដល់សម្តេចប្រធានរដ្ឋសភាកម្ពុជា ជួយជំរុញ​ទំនាក់​​ទំនងរវាងប្រជាជនប្រទេសទាំងពីរឱ្យ​កាន់តែរឹងមាំឡើងថែមទៀត ពិសេសទំនាក់ទំនង ក្នុងស្រទាប់យុវជនប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយជាទីបំផុត ដែលលោក​ជំទាវ អុលហ្គា យេពីហ្វាណូវ៉ា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចនៅ កម្ពុជា និងចូលរួមកិច្ចប្រជុំ APPF លើកទី២៧នៅខេត្ដសៀមរាប។ សម្ដេចពញាចក្រីបាន​ចាត់ទុកថា វត្តមានសភាឌូម៉ារុស្ស៊ីនៅពេលនេះ បានរួមចំណែកដល់ការបន្ត​ពង្រឹងទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយទំាងពីរ ជាពិសេសរវាង​ស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា-សហព័ន្ធរុស្ស៊ី ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធថែមទៀត។ សម្តច​ប្រធានរដ្ឋសភា បានលើកឡើងថា ប្រទេសរុស្ស៊ី ជាមិត្តចាស់ ជាមិត្តល្អ និងជាអ្នកជិតខាងល្អ របស់កម្ពុជានៅគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ រុស្ស៊ីបានជួយគំាទ្រកម្ពុជាចាប់ពី​ទសវត្សរ៍​ឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ។ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ប្រធានសភាសភាឌូម៉ា សហព័ន្ធនៃសហព័ន្ធរុស្ស៊ី គ្រោងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ​កម្ពុជាក្នុងឆ្នាំនេះផងដែរ៕

ដោយ ប៊ុន រិទ្ធ រូបថត៖ថាច់ ផាណារ៉ុង