អ្នកជំនាញសិក្សាធ្វើការផ្គុំបំណែកព្រះពុទ្ធរូបពីរអង្គនៅប្រាសាទប្រែរូប

AKP សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា សហការជាមួយអ្នកស្រាវជ្រាវកូរ៉េ បានពិភាក្សាផ្លាស់ប្តូរយោបល់ លម្អិតតាមជំនាញនីមួយៗ ដើម្បីបំពេញការងារអភិរក្សក្នុងការប្រើប្រាស់បច្ចេកទេស និងសម្ភារ ដែលមិនប៉ះពាល់ដល់ការជួសជុលព្រះពុទ្ធរូបពីរអង្គ ដែលស្ថិតនៅប្រាង្គកណ្តាល នៃប្រាសាទប្រែរូប។

លោកបណ្ឌិត លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ វិទ្យាបង្ការបានឱ្យ​ដឹងកាលពីព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះថា បច្ចុប្បន្នក្រុមអ្នកជំនាញបានសម្រង់ ស្ថានភាព ខូចខាតរកបំណែកព្រះពុទ្ធរូបទាំងពីរអង្គដែលបានបាត់បង់ ទៅយកមកសម្អាត និងរៀបផ្គុំ បំណែកដែលរកឃើញនោះទៅនឹងដងខ្លួនពុទ្ធរូបរួចរាល់អស់ហើយ។ ចំពោះការងារ ដែលនៅ សល់ត្រូវធ្វើបន្ត គឺការសិក្សាលើសមាសធាតុបន្សំនៃសម្ភារនីមួយៗដែលខ្មែរ បុរាណយក មកធ្វើពុទ្ធរូបមានដូចជា៖ ទី១. ថ្មភក់ដែលពុទ្ធរូបទាំងពីរអង្គធ្វើឡើងដោយការផ្គុំថ្ម ភក់ច្រើនដុំ ប្រភេទផ្សេងៗគ្នា ដែលខ្លះសន្និដ្ឋានថាយកពីប្រាសាទនៅក្នុងតំបន់ ឯខ្លះទៀតមិនដឹងប្រភព ទេ។ ទី២.ខ្មុកម្រ័ក្សណ៍ដែលខ្មែរបុរាណយកមកប៉ាតលាបលើរូបបដិមា។ ទី៣.ពហុវណ្ណភាព (ពណ៌ចម្រុះ) មានទឹកពណ៌មាសនិងក្រហមជាដើម ដែលមិនទាន់ដឹងថា ខ្មែរបុរាណយក មកពីប្រទេសណា ឬផលិតខ្លួនឯងនោះឡើយ។ ទី៤.កំបោរបាយអរម្រ័ក្សណ៍៖ ពាសបាយអរដើម្បីភ្ជិតកន្លែងប្រហោង ហើយលាបម្រ័ក្សណ៍ពីលើរូប។ ទី៥.ដែក មានមូល ស្រួច ទាល ជ្រុង ដែលបុរាណយកធ្វើជន្លួញ ធ្វើខ្ចាប់ដើម្បីតដុំថ្មមួយទៅមួយទៀត ក្នុងការធ្វើរូបបដិមា ហើយមានគុណភាពល្អប្រើបានយូរ។ ទី៦.ឈើធ្វើជាស្នៀត ពន្លួញឈើដើម្បីតថ្ម និងទី៧.គ្រឿងលម្អនៅលើស្បង់ចីវរ ខ្សែក្រវាត់មានលម្អដោយ សំបកសិប្បីសត្វយ៉ាងស្រស់ស្អាត។ ចំពោះសំណាកខ្មុកម្រ័ក្សណ៍និងគ្រឿងលម្អ ក្រុមការងារបានយកទៅពិសោធន៍នៅប្រទេសកូរ៉េ ដើម្បីដឹងពីប្រភពនិងអាយុកាល ដែលបច្ចុប្បន្នកំពុងរង់ចាំលទ្ធផល។

លោកបណ្ឌិត លី វណ្ណា បានបន្តឱ្យដឹងទៀតថា ដោយសារសម្ភារដែលយកមកប្រើមាន ភាពចម្រុះ តម្រូវឱ្យអ្នកជំនាញផ្នែកនីមួយៗត្រូវឈ្វេងយល់ពីរបៀប នៃការប្រើប្រាស់ និង ប្រភពនៃវត្ថុធាតុដើម។ ដូច្នេះលោកក៏បានទាមទារឱ្យក្រុមការងារ សម្រង់ព័ត៌មានខូចខាត ឱ្យអស់ ពិនិត្យមើលស្លាកស្នាមជាលក្ខណៈពិសេសនៃ បច្ចេកទេសបុរាណលើរូបព្រះពុទ្ធ។ កំណត់កូដពណ៌ឱ្យបានច្បាស់លាស់ទៅលើភាព ខូចខាតនៃសំណង់ ហើយសម្ភារពីបុរាណ ដែលអាចប្រើការបាន ត្រូវយកមកប្រើឡើងវិញ ដោយមានការពិនិត្យ យ៉ាងហ្មត់ចត់ពីវិស្វករ ទៅលើភាពធន់និងភាពមាំនៃការទ្រទម្ងន់បដិមា។ លើសពីនោះត្រូវមាន អ្នកជំនាញ 3D Scaning ដើម្បីមានភាពងាយស្រួលនិងដឹងច្បាស់អំពីបច្ចេកទេសកាន់តែលម្អិតក្នុងការ បំពេញបន្ថែមរូបដែលបាត់បង់ឱ្យត្រូវនឹងរូបពិត។

ក្នុងនោះដែរដើម្បីបន្ថែមនិងពង្រឹងសមត្ថភាព នាយកដ្ឋានក៏បានរៀបចំវគ្គបណ្តុះ បណ្តាលបុគ្គលិកជំនាញ ទាក់ទងនឹងការពង្រាងរូបផងដែរ ដើម្បីធ្វើឱ្យការអភិរក្សនិងជួស ជុលកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ពុទ្ធបដិមាទាំងពីរអង្គនៅប្រាង្គកណ្តាលប្រាសាទប្រែរូប គឺបានបាត់បង់ ព្រះកេស ព្រះហស្ថទាំងស្រុង និងដាច់ត្រឹមកជើង។ បដិមាព្រះពុទ្ធទាំងនេះ ធ្វើអំពីថ្មភក់ក្នុង រចនាប័ទ្មបាយ័ន ទ្រង់ឈរក្នុងកាយវិការអភ័យមុទ្រៈលម្អ ដោយខ្មុកនិងម្រ័ក្សណ៍ មានក្បាច់បិទលម្អដោយគ្រឿងសិប្បីសត្វថែមទៀត។ បើតាមលក្ខណៈសម្គាល់ខាងផ្នែក ក្បាច់លម្អនិងរចនាប័ទ្មបង្ហាញថា ព្រះពុទ្ធរូបទាំងពីរ អង្គរនេះប្រហែលជាធ្វើឡើងក្នុង សម័យកណ្តាល សតវត្សរ៍ទី១៥ និងទី១៦ ជាសម័យដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនា ថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នមាន ប្រជាជននៅជុំវិញទីនេះ តែងតែមកបន់ស្រន់សុំទឹកភ្លៀង និងបានហៅឈ្មោះពុទ្ធបដិមា ទាំងពីរអង្គនេះថា «លោកតាសៅ»៕

ដោយ ហង្ស សៀក