មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ជូនដំណឹង ដល់អ្នកនេសាទសមុទ្រ កុំឱ្យនេសាទត្រីកាម៉ុងនៅក្នុងរដូវពង កូន

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាអ្នកនេសាទសមុទ្រ ស្តីពីការហាម ឃាត់ធ្វើការនេសាទត្រីកាម៉ុង (ប្លាធូ) នៅក្នុងរដូវពង កូន។

យោងតាមលិខិតលេខ ០៦៥ ជផ ចុះថ្ងៃទី ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ស្តីពីការបិទធ្វើនេសាទត្រីកាម៉ុង(ប្លាធូ) សម្រាប់រដូវនេសាទឆ្នាំ២០១៩។ ដូច្នេះបងប្អូន ប្រជាពលរដ្ឋជាអ្នកនេសាទ ដែលកំពុងប្រើប្រាស់ឧបករណ៍នេសាទសិប្បកម្ម មានដូចជា អួនទិត  និងមងត្រីកាម៉ុង(ប្លាធូ) ទាំងអស់ឱ្យបានជ្រាបថា ការធ្វើនេសាទត្រីកាម៉ុង(ប្លាធូ) ក្នុងដែននេសាទសមុទ្រក្នុងខេត្តព្រះសីហនុ ត្រូវបានហាមឃាត់ក្នុងរយៈពេលត្រីពង កូន គឺចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃ៣១ ខែមីនា ឆ្នាំ២០១៩ សម្រាប់រដូវ នេសាទ ឆ្នាំ២០១៩នេះ។

លោក នេន ចំរើន បានបន្តថា ក្នុងករណីជនណាដែលបានប្រព្រឹត្តបទល្មើសជល ផលខាងលើ ត្រូវធ្វើការផាកពិន័យអន្តរការណ៍តាមច្បាប់ ស្តីពីការគ្រប់គ្រងវិស័យជលផល ដើម្បីរក្សាការពារប្រភពធនធានជលផលសមុទ្រឱ្យបានគង់វង្ស។ លោកសង្ឃឹមថា ប្រជា នេសាទទាំងអស់នឹងចូលរួមសហការការអនុវត្ត ការពារប្រភពធនធានជលផលសមុទ្រ របស់យើងឱ្យមាននិរន្តរភាព និងកាន់តែសម្បូរបែបជាក់ជាមិនខាន៕

ដោយ ងូ សុមុនី