ស្រូវប្រាំងរបស់ប្រជាកសិករស្រុកមង្គលបូរី​ខេត្តបន្ទាយ​មានជ័យ​ជាង៥៧២ហិកតា​​ដែលខ្វះ​ទឹកត្រូវ​បានមន្ទីរ​​ធនធាន​ទឹកជួយបូមទឹកសង្គ្រោះ

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០១៩ -ក្រុមការងារមន្ទីរធនធានទឹកនិង​ឧតុនិយមខេត្តបន្ទាយមានជ័យ​រួមជាមួយអាជ្ញាធរដែន​ដីបាននិងកំពុងចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជាង៥៧២ហិកតារបស់ប្រជាកសិករ ក្នុងស្រុកមង្គលបូរីដែលបានជួបប្រទះបញ្ហាខ្វះទឹកនោះ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបាន ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា “AKP “ ឱ្យដឹងកាលពីរសៀលថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ខែ​មករា ឆ្នាំ២០១៩ថា ដើម្បីជួយសង្គ្រោះស្រូវ ប្រាំង របស់ប្រជាកសិករយើងនៅក្នុងតំបន់មួយចំនួន​ក្នុងស្រុកមង្គលបូរី ដែលជួបបញ្ហាខ្វះទឹក នោះ ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត​បន្ទាយមានជ័យបានបន្តចុះអន្តរាគមន៍ បូមទឹក៤កន្លែង ដោយប្រើម៉ាស៊ីន ៦៥សេះ ចំនួន៦គ្រឿងនិងស្ថានីយបូមទឹកបណ្តែត១គ្រឿង ដែល ក្នុងនោះបានធ្វើសកម្មភាពបូមនៅឃុំ​រហាត់ទឹកដោយស្ថានីយបណ្តែតសង្គ្រោះស្រូវ ១៦៧ហិកតា។ នៅភូមិឆ្នើមមាសនិងភូមិចែក​​អង្ករក្នុង ឃុំសំបួរ ដោយប្រើម៉ាស៊ីន៤គ្រឿង សង្រ្គោះស្រូវចំនួន ២៧០ហិកតា ។ នៅភូមិតាសល់ ឃុំគោកបល្ល័ង្គ ដោយម៉ាស៊ីន ២គ្រឿង សង្រ្គោះស្រូវចំនួន ១៣៥ហិកតា ។

​ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងទៀតថា ដោយ​ស្ថានភាពអាកាសធាតុមានការប្រែប្រួលខុសពីទម្លាប់ ដែលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះស្ថាន​ភាពភ្លៀងដើមឆ្នាំបានលឿន និងចុងឆ្នាំមានភ្លៀងតិចដែលជាហេតុបណ្តាលឱ្យមានការព្រួយ​បារម្ភនឹងកង្វះខាតទឹកស្រោចស្រព និងប្រើប្រាស់។

លោក យឹម ប៊ុនរ៉ុម បានឱ្យដឹងដែរថា ជាវិធានការរបស់ក្រសួងធនធានទឹកដែលត្រូវ ប្រកាន់យកនោះគឺ ត្រូវយកចិត្តទុកដាក់ និងដោះស្រាយដោយប្រើប្រាស់គ្រប់លទ្ធភាពជួយ​សង្គ្រោះដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅគ្រប់កន្លែង ដែលមានប្រភព​ទឹកគ្រប់គ្រាន់។

របាយការណ៍មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យឱ្យដឹងដែរថានៅរដូវបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០១៨-២០១៩នេះខេត្តបន្ទាយមានជ័យបានដាក់ចេញនូវផែនការផលិតស្រូវលើផ្ទៃដី ចំនួន ២២.០០០ហិកតា ។ ប៉ុន្តែការដាំដុះជាក់ស្តែងរបស់ប្រជាកសិករមកដល់ពេលនេះ គឺ សម្រេចបានលើផ្ទៃដីជាង ៤៥.០០០ហិកតាហើយ ពោលគឺបានធ្វើលើសផែនការជាង ២៣.០០០ហិកតា ខណៈផ្ទៃដីរាប់ពាន់ហិកតា បាននិងកំពុងជួបការខ្វះខាតទឹក ហើយដែល​ក្រុមការងារជំនាញកំពុងចុះជួយបូមទឹកសង្គ្រោះជាបន្តបន្ទាប់។

លោកប្រធានមន្ទីរធនធានទឹក យឹម ប៊ុនរ៉ុម បានបញ្ជាក់ថា ​បើទោះជាយ៉ាងណាក៏ ដោយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តគិតគូរ និងជួយដល់បងប្អូនប្រជាកសិករ ដោយបានបញ្ជាឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង គ្រប់លំដាប់ថ្នាក់ ចុះសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរដែនដី ប្រើ ប្រាស់នូវគ្រប់មធ្យោបាយដែលមានដើម្បីដោះស្រាយទឹកស្រោចស្រពជូនប្រជាកសិករនៅ តាមទីតាំងដែលមាន​តម្រូវការ ៕

ដោយឈុន សារ៉ាត