សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគឺជាប្រទេសគំរូមួយនៅអាស៊ីដែលបានកសាងសមត្ថភាព​ ក្នុងការគ្រប់គ្រងនិងអភិរក្សបេតិកភណ្ឌមនុស្សជាតិប្រកបដោយជោគជ័យ

AKP សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​សន៍​ថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលកំពុងដើរតួនាទីដឹកនាំស្ថាប័ន​ក្រុមប្រឹក្សា​វប្ប​ធម៌អាស៊ី ហើយក៏ជាប្រទេសទី ១ នៅអាស៊ីដែលបានសហការល្អបំផុត ជាមួយអង្គការ​យូ​ណេ​ស្កូ ក្នុងការកសាងសមត្ថភាពខ្លួនដើម្បីធ្វើជាគំរូ ក្នុងការគ្រប់គ្រងនិងអភិរក្សបេតិ​កភណ្ឌ​មនុ​ស្ស​ជាតិប្រកបដោយជោគជ័យ។ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ​ ឯកភា​ព​ជាតិ ឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨តាមរយៈការអនុវត្តន៍នយោបាយឈ្នះឈ្នះ ដែ​ល​ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា ដែលពុំធ្លាប់មានក្នុងរយៈពេលដ៏យូរ​អ​ង្វែ​​​​ង​របស់ខ្លួន។ក្នុងពិធីប្រកាសពីការបង្កើតជាផ្លូវការ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នាល្ងាចថ្ងៃទី១៥ ខែ  ​ម​ក​​រា ឆ្នាំ២០១៩ នៅទីលានជល់ដំរីនៃបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ដែលមានភ្ញៀវ​ជា​ង៨០០នាក់ មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិផងនោះ សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចមាន​មោទនភាព​និងសេ​ចក្ដី​រីក​រាយ ដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែល​ជា​ស្ថាប័ន​មួ​យ​​បង្កើតឡើងក្នុងក្របខ័ណ្ឌ អង្គការសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោ​បាយ​​នៅអា​ស៊ី​​តំណាងឱ្យ៥២ប្រទេស ដើម្បីលើកកម្ពស់វិស័យវប្បធម៌ និងបង្កើនកិច្ចសហប្រតិ បត្តិការរវា​ង​ប្រទេសក្នុងតំបន់និងអន្តរជាតិ។

សម្ដេចតេជោបានសម្ដែងការស្វាគមន៍​គណៈ​ប្រតិភូនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី និង​គណៈ​ប្រតិភូ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក និង ភ្ញៀវកិត្តិយសជាតិអន្តរជាតិទាំងអស់ ដែលកំពុងមានវត្តមាន នៅឧទ្យានអង្គរ ទី​លាន​​ជល់ដំរី​ដែលជាទឹកដីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ និងជាបេតិកភណ្ឌ​ពិភព​លោ​ក​​របស់​មនុស្សជាតិ។ សម្ដេចតេជោបានលើកឡើងថា ការរៀបចំឲ្យមានការជួបជុំគ្នារវាងអ្នក​នយោបាយ និងថ្នាក់ដឹក​នាំសំ​ខាន់​ៗ​ នៅក្នុងទ្វីបអាស៊ី  និងភ្ញៀវកិត្តិយសមកពីអាមេរិកឡាទីន អាហ្វ្រិក​ និងតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុ​ង​ពិធីប្រកាសផ្លូវការក្នុងក្រុមប្រឹក្សាវប្បធម៌អាស៊ី​នៅពេល​នេះពិតជាមានសារៈសំខាន់ក្នុងការ​បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនៃវប្បធម៌​ដើម្បីផលប្រយោជន៍មនុស្សជាតិនៅក្នុងតំបន់ ស្របជាមួយនឹងទីតាំងភូមិសាស្រ្តកម្ពុជា ដែល ស្ថិតនៅចំណុច​ប្រសព្វរវាងអរិយធម៌​ធំៗ​នៅ​អាស៊ី ដែលជាទ្វីបសម្បូរដោយប្រវត្តិសាស្រ្ត យូរអង្វែង និងវប្បធម៌ចម្រុះដែលប្រជាជន​អា​ច​រស់​​នៅជាមួយគ្នាដោយសុខសន្តិភាព ដើម្បី​លើកម្ពស់អរិយធម៌មនុស្សជាតិទាំងមូល។ ទន្ទឹមនេះ ក៏រួមមាន​អា​ស៊ី​ខាងកើត និងអាស៊ីខាង​ត្បូង ក៏ដូចជាតំបន់អាស៊ីខាងជើង អាស៊ីកណ្ដាល និងអាស៊ីបូព៌ា រួម​ទាំងមជ្ឈិមបូព៌ាដែល​តភ្ជាប់គ្នាដោយផ្លូវសូត្រ តាំងពីបុរាណកាលមក។

សម្ដេចតេជោគូស​បញ្ជា​ក់​ថា​ ការតភ្ជាប់រវាង​វប្បធម៌និងវប្បធម៌មនុស្ស និងមនុស្ស និងបង្កើតអ្វីដែលយើងអាចហៅថា ម៉ា​រ៉ា​តុង​វប្បធម៌​មួយដែលអាចភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ និងពីទ្វីបមួយទៅទ្វីបមួយ​ទៀ​ត​ ដើម្បីបង្កើត​បានអូឡាំពិកវប្បធម៌មួយក្នុងគោលដៅលើកស្ទួយវប្បធម៌ដើម្បីសុខសន្តិភាព​និ​ង​ការអភិវឌ្ឍ​ប្រកបដោយចីរភាព។ សម្ដេចតេជោបានបន្ដថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម​ដែលកំពុងដើរតួ​នាទី​ដឹកនាំ​ស្ថាប័នក្រុមប្រឹក្សាវប្បធម៌អាស៊ី ហើយក៏ជាប្រទេសទី ១ នៅអាស៊ី​ដែលបានសហការ​ល្អ​បំ​ផុតជាមួយអង្គការយូណេស្កូ ក្នុងការកសាងសមត្ថភាពខ្លួន​ដើម្បីធ្វើ​ជាគំរូ ក្នុងការគ្រប់គ្រង​និង​អភិរក្សបេតិកភណ្ឌមនុស្សជាតិប្រកបដោយជោគជ័យ។ ​ដូច្នេះ​ដើម្បីលើកស្ទួយវប្បធម៌​នៅ​ក្នុង​តំបន់ឱ្យមានប្រសិទ្ធភាព សុខសន្តិភាព និងការអភិវឌ្ឍប្រកប​ដោយចិរភាព សម្ដេចស្នើ​ឱ្យ​ក្រុមប្រឹ​ក្សាវប្បធម៌អាស៊ី អនុវត្តន៍នូវបេសកកម្មសំខាន់ៗរបស់ខ្លួន ដែលបានចែងក្នុងកិច្ច​ព្រម​ព្រៀង​ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងគោរពឱ្យបានខ្ជាប់​ខ្ជួននូវគោលការណ៍៣​យ៉ាង គឺការយោគយល់គ្នាទៅវិញទៅមក, ការគោរពគ្នាទៅវិញទៅមក និងការផ្ដល់ផលប្រយោ​ជន៍​​ឱ្យគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុខសន្តិភាពជានិច្ចនិរន្ត។ សម្ដេចតេជោបន្តទៀតថា  កម្ពុ​ជាក៏ដូចជាសមាជិកទាំងអស់នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី មាន​មោទនភាពនិងសូមអបអរ​សា​ទរចំពោះការចូលរួមនៅក្នុងក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីថ្នាក់ដឹក​នាំកំពូលៗមកពីទ្វីបអាស៊ី រួម​មាន ឯកឧត្តមយូសុស កាឡស អនុប្រធានាធិបតីឥណ្ឌូណេស៊ី, ឯកឧត្តម មហាធាមហាមេដ នា​យករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្ដម ម៉ាន់ ម៉ូហានស៊ីង អតីតនាយក​រដ្ឋមន្ត្រីឥណ្ឌា  ឯកឧត្តម ហូ​សេ​ ឌឺវេណាស្យ៉ា អតីតប្រធានសភាហ្វីលីពីន លោកជំទាវ មេរីបាន អាលីយេវ៉ា អនុ​ប្រ​ធា​នា​ធិប​តីអាហ្ស៊ែរបៃហ្សង់ និងឯកឧត្តម ជុង អ៊ីយុង ប្រធា​ន​ការិយាល័យ​សន្តិសុខជាតិនៃ​សាធារ​ណរដ្ឋ​កូរ៉េ និងជាសហប្រធាន អាយខាប់៕

ដោយ ជឹម ណារី