សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសវនាការជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

AKP សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាត្តឱ្យគណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ​លោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធាន​រដ្ឋ​សភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម ក្នុងឱកាស​ដែលលោក​ជំទាវ​ដឹកនាំគណៈជាន់ខ្ពស់ រដ្ឋសភាវៀត​​ណាម អញ្ជើញមកចូល​រួមកិច្ចប្រជុំ​ប្រចាំ​ឆ្នាំលើក​ទី២៧ នៃវេទិ​កា​ស​ភាអាស៊ី-ប៉ាស៊ីហ្វិក ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅ​ខេត្ត​សៀ​មរាប។ ជំនួបនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៤:៣០នាទី  នៅសណ្ឋាគារ Ankor Palace Resort ខេត្ដសៀមរាប។

សម្តេច​​​ប្រធាន​ព្រឹទ្ធសភា បានសម្តែង​ការស្វាគមន៍ដ៏​កក់ក្តៅចំពោះ លោកជំទាវ និង​សមាជិកគណៈប្រតិភូដែល​បានអញ្ជើញមកចូល​រួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិ​កាស​ភាអាស៊ី-ប៉ាស៊ីហ្វិក នៅលើទឹក​ដី​ខេត្តសៀមរាបដែលជាទឹកដីនៃសម្បតិ្តបេតិកភ័ណ្ឌប្រវត្តិ​សាស្រ្ត​ដ៏ល្បី​ល្បាញ​របស់កម្ពុជា។ សម្ដេចវិបុលសេនាភក្ដីបានបញ្ជាក់ថា ការអញ្ជើញចូលរួម​នៃ​កិច្ចប្រជុំនេះមិនត្រឹមតែជាការលើកទឹកចិត្ត​ និងផ្ដល់​កិត្តិយ​សដល់ប្រទេសកម្ពុជា គឺជាការ រួម​ចំណែកធ្វើឲ្យកិច្ចប្រជុំនេះទទួលបានជោគជ័យទាំងស្រុង  និងជាការ​ចូល​រួមចំណែកដល់​ការពង្រឹង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និង​ប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងនាមសភាកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា សូមថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅចំពោះ​ការ​​គាំ​ទ្រពី​សំណាក់​រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀត​ណាមដល់សភាកម្ពុជា ដែល​ធ្វើជា​ម្ចាស់ផ្ទះរៀប​ចំកិច្ច​​ប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេ​ទិកាស​ភាអាស៊ី-ប៉ាស៊ីហ្វីក។ ទន្ទឹមនេះ ការអញ្ជើញចូលរួមរបស់​គណៈ​ប្រតិ​ភូរដ្ឋសភាវៀត​ណាម គឺជាការ​ចូល​រួមវិភាគទានដ៏មាន​សារៈ​សំខាន់ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ ដែលរួមចំណែកដ៏ធំធេងដល់ការលើកកម្ពស់​សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកប​ដោយ​វិបុលភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងបានគាំទ្រឱ្យដល់ដំណើរការ​នៃកិច្ចប្រជុំប្រព្រឹត្ត​ទៅប្រកប​ដោយ​ជោគជ័យ ។

លោកជំទាវ ង្វៀន ធីគីមងិន បានសម្តែង​នូវ​សេចក្តីរីករាយ​ដែល​បានដឹកនាំគណៈប្រតិភូ​អញ្ជើញមកចូល​រួមកិច្ចប្រជុំ​ប្រចាំ​ឆ្នាំលើក​ទី២៧ នៃវេទិ​កា​ស​ភា​​អាស៊ី-ប៉ាស៊ីហ្វិក នៅលើទឹក​ដី​ខេត្ត​សៀមរាប​ ហើយលោកជំ​ទាវបាន​វាយ​តម្លៃ​ខ្ពស់ចំពោះប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំ​ភា​​អាស៊ី-ប៉ាស៊ីហ្វិក​ បានយ៉ាងល្អ មានភាពរលូនដំ​ណើរ​ការបានល្អ​ប្រសើរ និងទទួលបានជោគជ័យ។ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះ​វឌ្ឍនភាពនៃការរីក​ចម្រើន​យ៉ាង​​ឆាប់រហ័រ​របស់​ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ព្រះមហាក្សក្រ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលស​ម្រេច​បានូវសមិទ្ធផលដ៏ល្អប្រសើរលើកគ្រប់វិស័យ។

ជាមួយគ្នានេះ ក្នុងពេលដែលប្រទេសទាំង​ពីរមានការ​ទំនាក់​ទំនង មិត្តភាព សាម​គ្គីភាព និងកិច្ចសហប្រតិបត្តិការ​លើកគ្រប់វិស័យ រដ្ឋសភាវៀបណាម នឹងខិត​ខំសហការជាមួយ​នឹងព្រឹទ្ធសភា រដ្ឋ​សភា​​កម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ​កាន់តែជិតស្និទ្ធ និងល្អប្រ​សើរ​ថែម​ទៀត។

លោកជំទាវ ង្វៀន ធីគីមងិន សង្ឃឹមថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម នឹងខិតខំ​សហការគ្នាដើម្បី​បណ្តុះបណ្តាលយុវជនជំនាន់ក្រោយៗ ដើម្បីឱ្យបន្តប្រពៃណីសហការ សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិជាមួយ​គ្នាទាំង​ពេលបច្ចុប្បន្ន និងទៅអនាគត។ ឆ្លៀតក្នុងឱកាសនេះ ដែរ លោកជំទាវ​ប្រធាន​​គណៈប្រតិភូក៏គោរ​ពអញ្ជើញ​សម្តេចវិបុល​សេ​នា​​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ​ប្រទេសវៀតណាម ​ក្នុង​ពេលវេ​លាសមស្រប​ណា​មួយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ច​សហ​ប្រតិបត្តិការរវាងសភាប្រជាជន និងប្រទេសទាំងពីរ​បន្ថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ ដែលបានឃើញនូវ​ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភា​វៀតណាម មានការរីកចម្រើនឥតឈប់ឈរ។ សម្តេច​​ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាការួម​ចំ​ណែកដ៏ធំធេញ​​របស់បក្ស​កុម្មុយនីស្ត រដ្ឋាភិបាល និងប្រជាជនវៀតណាមនាពេលកន្លងមក។ ចំពោះការ​អញ្ជើញ​សម្តេចទៅ​បំពេញទស្សន​កិច្ចនៅប្រទេស​វៀត​ណាម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ទទួលយក ហើយ​នឹងរក​ពេលវេលាសមស្របណា​មួយដើម្បីទៅ​បំពេញទស្ស​ន​កិច្ច​នៅ​ប្រទេស​វៀត​ណាម ៕

ដោយ អ៊ុន រិទ្ធី